អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំ “ស្តីពីការត្រួតពិនិត្យលទ្ធផលការងាររបស់អង្គភាពនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនាឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣”!

0

 

ខេត្តកំពង់ចាម ៖ នៅថ្ងៃ ១១ កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំ “ស្តីពីការត្រួតពិនិត្យលទ្ធផលការងាររបស់អង្គភាពនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនាឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣” ក្រោមអធិបតីភាពរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោក -លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីស្នងការរងទទួលផែនជំនាញ លោក-លោកស្រីនាយការិយាល័យ អធិការក្រុងស្រុកទាំង១០ និង លោក-លោកស្រីក្រឡាបញ្ជី អយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

 

ក្នុងពិធីនោះជាកិច្ចចាប់ផ្តេីម​ លោកព្រះរាជអាជ្ញា​ បានសម្តែងមតិស្វាគមន៍ទៅកាន់លោកឧត្តមសេនីយ៍ត្រីស្នងការ​ ហេង​ វុទ្ធី ដែលរាជរដ្ឋាភិបាលបានផ្តល់សេចក្តីទុកចិត្តតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនាពេលថ្មីៗនេះ។

ជាកិច្ចបន្ទាប់លោកឧត្តមសេនីយ៍ត្រីស្នងការបានថ្លែងមតិដោយក្តីសោមនស្សមកកាន់អង្គប្រជុំ​ ព្រមទាំងបង្ហាញអំពីការបេ្តជ្ញាចិត្តក្នុងការបំពេញមុខងារ​ ក៏ដូចជាការសហការជាមួយស្ថាប័នអយ្យការឲ្យកាន់តែមានភាពល្អប្រសេីរ។

 

បន្ទាប់មកទៀត​ ព្រះរាជអាជ្ញា​ បានដឹកនាំកិច្ចប្រជុំខាងលេី​ ដោយធ្វេីការត្រួតពិនិត្យចំណុចសំខាន់ៗចំនួន ០៣ គឺ៖

១.ការត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២តាមរយៈចំណាត់ការសំណុំរឿងក្នុងដំណាក់កាលនគរបាលយុត្តិធម៌ ការវិភាគលើទិន្នន័យសំណុំរឿង និងបញ្ហាប្រឈម។

២.ការកែសម្រួលការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៣​ និង ការចុះអធិការកិច្ចរបស់ព្រះរាជអាជ្ញារងតាមស្នងការដ្ឋាន និងអធិការដ្ឋានក្រុងស្រុក និងពន្លឿននីតិវិធីនៃការបញ្ជូនដីកាកោះតាមប្រព័ន្ធ​Telegram​ ទៅតាមបណ្តាអធិការដ្ឋានក្រុងស្រុកជាមុន ព្រមទាំងការបន្តយកចិត្តទុកដាក់ពង្រឹងការងារសម្អាតប្រាក់

៣.បញ្ហាប្រឈម និងទិសដៅការងាររបស់មន្រ្តីនគរបាលយុត្តិធម៌នៃអង្គភាពស្នងការដ្ឋានសម្រាប់ឆ្នាំ២០២៣។

 

ជាចុងក្រោយ​ លោកព្រះរាជអាជ្ញា​ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត​ កំណត់ទិសដៅអនុវត្តការងារ​ និងទំនាក់ទំនងរវាងមន្រ្តីនគរបាលយុត្តិធម៌​ និងស្ថាប័នអយ្យការ​ ដេីម្បីធានានូវប្រសិទ្ធភាពការងារប្រកបទៅដោយចីរភាពតទៅខាងមុខ៕

Leave A Reply

Your email address will not be published.