លោក អ៊ុន ចាន់ដា៖ ឥលូវនេះអស់ម៉ោងអប់រំធ្វើកិច្ចសន្យាទៀតហើយ(ល្បែងស៊ីសងខុសច្បាប់) គឺឲ្យតែមានកើតឡើងត្រូវតែបង្ក្រាប ឈានដល់ការអនុវត្តច្បាប់តែម្ដង! លោក ហេង វុទ្ធី៖ ចំពោះចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ១ទាំង១០៩ឃុំ-សង្កាត់!
(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម» លោក អ៊ុន ចាន់ដា បានអះអាងថា ពេលវេលានេះមិនមែនជាពេលវេលាអប់រំអ្នកដែលបន្ដលួចលេងល្បែងស៉ីសងទៀតនោះទេ ពោលត្រូវតែចាត់វិធានការបង្ក្រាប ហើយបញ្ជូនទៅតុលាការ ដោយគ្មានការលើកលែងឡើយ។
លោកអភិបាលខេត្តកំពង់ចាម បានបញ្ជាក់យ៉ាងដូច្នេះថា «សូមប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មាន ដើម្បីយើងចាត់វិធានការបង្ក្រាប ព្រោះយើងអត់មានគោលការណ៍ណាមួយអនុគ្រោះទៀតទេ។ ឥលូវនេះអស់ម៉ោងអប់រំកិច្ចសន្យាទៀតហើយ គឺឲ្យតែមានការកើតឡើងត្រូវតែបង្ក្រាប ឈានដល់ការអនុវត្តច្បាប់តែម្ដង»។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្រោយទទួលបានការណែនាំពីរាជរដ្ឋាភិបាល ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានធ្វើកិច្ចសន្យាអប់រំ នៅទីតាំងដែលសង្ស័យលួចបើកល្បែងស៉ីសងខុសច្បាប់ ប្រមាណជាង២,០០០ករណី នៅតាមតុកាហ្វេ ហាងបាយជាដើម។ ដោយឡែក សម្រាប់ទីតាំងដែលលួចលេង ក្រោយធ្វើកិច្ចសន្យានោះ ត្រូវសមត្ថកិច្ចបង្ក្រាបបាន៣០ករណី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានបង្ហាញនូវក្ដីកង្វល់ផងដែរ ចំពោះការលួចលេងល្បែងស៉ីសងតាមទូរស័ព្ទ ពិសេសការចាក់កន្ទុយលេខ ដែលសមត្ថកិច្ចពិបាកក្នុងការប្រមូលភស្ដុតាងដើម្បីដាក់បន្ទុក ព្រោះអ្នកចាក់ និងអ្នកទទួលមិនបានជួបមុខគ្នាឡើយ ពោលគ្រាន់តែនិយាយគ្នាតាមទូរស័ព្ទប៉ុណ្ណោះ។ ប៉ុន្ដែលោកនៅតែបង្ហាញគោលជំហរថា នឹងបង្ក្រាបឲ្យអស់ល្បែងស៉ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន អាចរាយការណ៍អំពីរឿងរ៉ាវពិតដែលកើតមានក្នុងមូលដ្ឋាន ពាក់ព័ន្ធបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទមកកាន់សមត្ថកិច្ច ដើម្បីចាត់វិធានការបង្ក្រាប។ និងដើម្បីការចូលរួមអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងមូលដ្ឋាន។
ពាក់ព័ន្ធជាមួយការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាពនេះ, លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ចំពោះចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ខេត្តកំពង់ចាម ទទួលបានលទ្ធផលគួរជាទីមោទនៈ ឃុំ-សង្កាត់ ដែលទទួលបានចំណាត់លេខ១ នាឆ្នាំ២០១៧ មានចំនួន ៨៧ឃុំ-សង្កាត់ បានបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ ០២ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២១ និង២០២២ ឃុំ-សង្កាត់ទាំង ១០៩ឃុំ-សង្កាត់ នៅក្នុងខេត្តកំពង់ចាម គឺទទួលបានចំណាត់លេខប្រភេទប៉ុស្តិ៍លេខ១ ទាំងអស់។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានអះអាងថា លទ្ធផលទាំងនេះ គឺសុទ្ធតែបានមកពីការខិតខំរួមគ្នា អនុវត្តយ៉ាងសកម្មផុលផុស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួម គាំទ្រសស្រាក់សម្រាំ ពីសំណាក់ប្រជាពលរដ្ឋ ទើបធ្វើឲ្យការអនុវត្តគោលនយោបាយដ៏ពិសិដ្ឋនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ៕