រុស្ស៊ី ថា ប្រជាជនអ៊ុយក្រែនកំពុងចាញ់បោកសហភាពអឺរ៉ុប!

0

 

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនកំពុងចាញ់បោកសហភាពអឺរ៉ុប (EU) ចំពោះការសន្យាអំពីការជួយស្ដារសេដ្ឋកិច្ចរបស់ប្រទេសឲ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ។

 

ខណៈដែលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប និងអ៊ុយក្រែនកំពុងដំណើរការ, អតីតនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបានសរសេរបង្ហោះនៅលើបណ្ដាញ Telegram ថា ការប៉ុនប៉ងចូលជាសមាជិក EU និងអង្គការណាតូរបស់អ៊ុយក្រែនកំពុងធ្វើឲ្យអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួនស្ថិតក្នុងភាពប្រថុយប្រថាន ជាពិសេសគឺការចំណាយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ដោយសង្ឃឹមថា “លោកខាងលិចនឹងផ្តល់ប្រាក់មកវិញ” ។

 

លោក Medvedev បានចោទប្រកាន់ថា មេដឹកនាំអ៊ុយក្រែនកំពុងកេងចំណេញពីជំនួយហិរញ្ញវត្ថុដែលលោកខាងលិចផ្ដល់ឲ្យ ប៉ុន្តែលោកបានរំឭកថា ការគាំទ្រកាន់តែធំ នោះការលួចប្លន់ក៏កាន់តែច្រើន ហើយអ៊ុយក្រែននឹងត្រូវវិនាសចំពោះជោគវាសនាដ៏សោកសៅនៃអតីតអាណានិគមលោកខាងលិច ។

 

លោក Medvedev បន្តនិយាយថា “សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែននឹងជួបស្ថានភាពខ្មៅងងឹតបន្តិចម្តងៗដូចជា ការកាត់ផ្តាច់ឧស្សាហកម្ម និងកសិកម្ម ហើយបន្ទាប់មកសេដ្ឋកិច្ចទាំងមូលនឹងបាក់ដៃបាក់ជើងតែម្ដង ខណៈដែលផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន ចាប់ផ្ដើមធ្លាក់ចុះពី ៥ ទៅ ១០ ភាគរយ ។

 

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ១ ឆ្នាំមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

Leave A Reply

Your email address will not be published.