ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងអគ្គមេបញ្ជាការកងទ័ពនៃសាធារណរដ្ឋឥណ្ឌា!

0

 

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ អានីល ចូហាន (Anil Chauhan) អគ្គមេបញ្ជាការកងទ័ពនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន នាយឧត្តមសេនីយ៍ អានីល ចូហាន អំពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបានរាយការណ៍អំពីលទ្ធផលនិងទិសដៅកិច្ចសហប្រតិបត្តិការដែលកងទ័ពជើងគោកទាំងពីរបានឯកភាពគ្នា ដោយរួមមានទាំងការយកចិត្តទុកដាក់ជំរុញអនុវត្តឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) ដែលទើបត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមរបស់កងទ័ពជើងគោកទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈផ្លូវការរឹងមាំលើមូលដ្ឋាននៃឯកសារ TOR និងបានបង្ហាញនូវការគាំទ្រលើទិសដៅសហប្រតិបត្តិការនានាដែលកងទ័ពជើងគោកទាំងពីរបានឯកភាពគ្នាសម្រាប់ពេលបន្តខាងមុខ៕

Leave A Reply

Your email address will not be published.