ពិធីបញ្ចុះបឋមសិលាសាងសង់នូវអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ១០បន្ទប់ និងទីចាត់ ការបណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹងដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត!
កំពង់ចាម៖ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់នូវអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ១០បន្ទប់ និងទីចាត់ ការបណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីអគារ សិក្សា និងទីចាត់ការបណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹង ដែលជាអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរក្នុងរយៈពេល៤ខែទៀតនោះ សាលានេះនឹងត្រូវតម្លើងកម្រឹតជាបឋមសិក្សាគំរូសម្រាប់លើកកម្ពស់គុណភាពសិក្សាកម្រិតមូល ដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកថា សមិទ្ធផល ខាងលើនេះ ជាសមិទ្ធផលប្រវត្តិសាស្ត ហើយក៏ ជាសមិទ្ធផលរួម របស់យើងទាំងអស់គ្នា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់កូនចៅប្រជាពលរដ្ឋយើង បានសិក្សាចាប់ពីកម្រិតមូលដ្ឋាន ដើម្បីបន្តទៅកម្រិតឧត្តមសិក្សា ជាបន្តទៀត ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់កែទម្រង់លើវិស័យអប់រំ ជាពិសេស គោលនយោបាយ បង្កើនការកសាងអគារសិក្សាឲ្យបានច្រើន និងនៅជិតផ្ទះប្រជាពលរដ្ឋ ងាយស្រួលដល់ពួកគាត់ បញ្ជូនកូនចៅទៅសិក្សារៀនសូត្រ ។ ដូច្នេះ នៅពេលអគារសិក្សា កសាងរួចរាល់ហើយនោះ សូមមាតា បិតា ឬអាណាព្យាបាលទាំងអស់ ជួយជម្រុញលើកទឹកចិត្តដល់កូន ចៅរបស់ខ្លួន ឲ្យទៅរៀន ដូចពាក្យស្លោកថា ៖ «ការបញ្ជូនកូន ឲ្យទៅរៀន គឺជាការសន្សំទ្រព្យទុក» ហើយឲ្យកូនរៀន ឲ្យចប់ថ្នាក់បាក់ឌុប និងបន្តការសិក្សា ទៅកម្រិតឧត្តមសិក្សា ដើម្បីពួកគាត់មានឱកាសចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារការងារ ដើម្បីទទួលបានប្រាក់ខែខ្ពស់ យកមកផ្តត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជា ចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមាការ រីកចម្រើនបន្ថែមទៀត ។
ជាមួយគ្នានោះ ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងជាតំណាង ឯកឧត្តម កើត រិទ្ធ រដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈ ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តល់នូវអគារសិក្សា និងទីចាត់ការ បណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹងនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់គណៈគ្រប់គ្រងសាលា ក្នុងការផ្តល់សេវាអប់រំ ប្រកបដោយប្រសិទ្ធភាព ជូនដល់ក្មួយៗ សិស្សានុសិស្ស ដោយកន្លងមក ចំនួនសិស្សមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយឯកឧត្តមអភិបាលរង រាជធានីភ្នំពេញ ក៏បានលើកឡើងអំពីគុណតម្លៃនៃសន្តិភាពថា ពាក្យសន្តិភាពគឺ មានតម្លៃណាស់ មិនអាចកាត់ថ្លៃបានឡើយ ទោះបីជាមានប្រាក់ក៏មិនអាចទិញបានដែរ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា ចូលរួមថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីបន្តការអភិវឌ្ឍ ប្រទេសជាតិយេីង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
បើតាមរបាយការណ៍របស់លោក ខែង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានឱ្យដឹងថា បច្ចុប្បន្ន វិស័យអប់រំយុវជន និងកីឡា នៅទូទាំងស្រុកព្រៃឈរ មានចំនួន ៧៧កន្លែង ក្នុងនោះ វិទ្យាល័យ ចំនួន ០៥កន្លែង អនុវិទ្យាល័យ ១២កន្លែង បឋមសិក្សា ៥៩កន្លែង និងមត្តេយ្យធនធាន ១កន្លែង មាន អគារសិក្សា សរុប ២០៦ខ្នង ស្មើនឹង ៩១៩បន្ទប់ ក្នុងនោះអគារសិក្សា ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៥៧ខ្នង ស្មើនឹង ៣៤៥បន្ទប់ ផងដែរ៕