ឃាត់ខ្លួនអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពលម្នាក់ ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងជាង ៥០ម៉ឺនដុល្លារ!

0

ភ្នំពេញ៖ ស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញនេះ ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង ៥០ម៉ឺនដុល្លារ ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ សញ្ជាតិខ្មៃរ មុខរបរ អនុប្រធានក្រគ្រប់គ្រងចំណូលនៃក្រសួងរ៉ែ និងថាមពល ស្នាក់នៅផ្ទះលេខ២៥E០ ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ជនរងគ្រោះ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន ៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់បានផ្ទុកនូវជំងឺកូវីដ-១៩ លុះដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះតាមទូរស័ព្ទថា សុំសោរបន្ទប់ឲ្យជាងធ្វើសោរទូដែក គាត់ក៏ឲ្យជនសង្ស័យទៅយកពីប្រធានរដ្ឋបាល ពេលបានសោរហើយជនសង្ស័យក៏ចូលទៅឆ្កឹះទូដែក និងសែងទូដែកចេញប្តូរទូដែកថ្មីមកជំនួសវិញ ។

សមត្ថកិច្ចបានបន្តទៀតថា លុះដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ ម៉ោងប្រមាណ ៩ព្រឹក ជនរងគ្រោះក៏មកធ្វើការវិញ ពេលចូលដល់ក្នុងបន្ទប់ចាក់សោរយកប្រាក់ឲ្យថ្នាក់ដឹកនាំ ស្រាប់តែចាក់សោរពុំត្រូវ និងខុសលេខកូដ ទើបគាត់ហៅជនសង្ស័យមកសួរ ហើយឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យសែងទូដែកចេញក្រៅ ទើបជនសង្ស័យសារភាពថា ខ្លួនជាអ្នកឆ្កឹះទូដែក និងប្តូរទូដែកតែម្ដង ។

តាមរបាយការណ៍បញ្ជាក់ដោយសមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈបាត់បង់ក្នុងករណីលួចនេះរួមមានប្រាក់រៀលចំនួន ១.៤៣១.២៨៤.៥៩៧,៨០រៀល និងប្រាក់ដុល្លា ១៦០.២៣៧ដុល្លា និង៩២សេន ៕

Leave A Reply

Your email address will not be published.