លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយព្រះសង្ឃ សមណនិស្សិត និងនិស្សិតខ្មែរ នៅឥណ្ឌា!

0

ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃដែលគង់នៅវត្តខ្មែរក្នុងទីក្រុងញូវដែលីព្រមទាំងសមណនិស្សិត និងនិស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងប្រទេសឥណ្ឌា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនជូនព្រះតេជព្រះគុណព្រះសង្ឃ និងប្អូនៗនិស្សិតទាំងអស់ ប្រកបដោយសទ្ធាគោរពបូជា និងមនោសញ្ចេតស្រឡាញ់យកចិត្តទុកដាក់ជាទីបំផុត។

ក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរប្រគេនជូនសមណនិស្សិត និងប្អូនៗនិស្សិតដែលមានឱកាសបានមកសិក្សានៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមួយមានអរិយធម៌ដ៏ចំណាស់ ហើយក៏មានចំណងទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជាផ្នែកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏សម្បូរបែបក្នុងដានប្រវត្តិសាស្ត្រដ៏យូរលង់។ ឯកឧត្តម បានបញ្ជាក់បន្ថែមថាប្អូនៗនិស្សិតដែលកំពុងសិក្សាពេលនេះ គឺជាអនាគតនៃមូលធនមនុស្សរបស់ប្រទេសកម្ពុជាប្រកបដោយសមត្ថភាពពិតប្រាកដ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទៅតាមជំនាញរបស់ខ្លួន។

ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តាំផ្ញើជូនប្អូនៗនិស្សិតឱ្យបន្តខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ជាពិសេសនៅក្នុងបរិបទសាកលភាវូបនីយកម្ម ដែលកំពុងមានតម្រូវការធនធានមនុស្សប្រកបដោយគុណភាពតាមការទាមទាររបស់ទីផ្សារការងារ និងត្រូវចេះឆ្លៀវឆ្លាតក្នុងការបង្កើតបណ្តាញទំនាក់ទំនងក្នុងសង្គម តាមរយៈការចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាដូចជាការងារស្ម័គ្រចិត្ត និងកម្មវិធីសប្បុរសធម៌ផ្សេងៗ ដើម្បីពង្រឹងភាពក្លាហាន និងទទួលបានបទពិសោធន៍បម្រើឱ្យការសម្រេចគោលដៅទៅអនាគត៕

Leave A Reply

Your email address will not be published.