លោក ប៉ែន បូណា មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន និងជាអ្នកកាសែតជើងចាស់ ប្រដៅសារព័ត៌មាន The Cambodia Daily ឲ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន កុំយកការសង្ស័យមកធ្វើជាកម្មវត្ថុ ក្នុងការចោទប្រកាន់បុគ្គលណាម្នាក់ទៅនឹងបទល្មើសអ្វីមួយ!

0

មន្ត្រីជាន់ក្រសួងព័ត៌មានរូបនេះបានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មាន មិនអនុញ្ញាតឲ្យយកការសង្ស័យ មកធ្វើជាកម្មវត្ថុក្នុងការចោទ ប្រកាន់បុគ្គលណាម្នាក់ ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះ គេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយ ដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់ និងរឹងមាំបំផុតជាមុនសិន។

លោកបន្តថា កាលពីជំនាន់ ប៉ុល ពត ខ្មែរច្រើនណាស់ដែលត្រូវគេយកទៅសម្លាប់ ដោយគ្រាន់តែសង្ស័យហើយចោទប្រកាន់ថា ជាខ្មាំងរបស់អង្គការ។

ជាមួយគ្នានេះ លោក ប៉ែន បូណា ក៏បានអំពាវនាវដល់ស្ថាប័នព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ «ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ រាប់ទាំងសារព័ត៌មានក្រៅស្រុកផង សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន នោះទើបការផ្សាយព័ត៌មានប្រកបដោយគុណតម្លៃ»

សូមជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ សារព័ត៌មានក្រៅស្រុក The Cambodia Daily បានផ្សព្វផ្សាយជាច្រើនលើក ចោទប្រកាន់គ្មានមូលដ្ឋាន លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រឿងមានទ្រព្យសម្បត្តិច្រើន ហើយលឿនជាងគេ មិនមែនបានមកពីការវិនិយោគលើវិស័យអចលនទ្រព្យទេ តែបានមកពីការលាងលុយទៅវិញ៕

Leave A Reply

Your email address will not be published.