ទួរគី ប្រកាសកាន់ទុក្ខជនរងគ្រោះរញ្ជួយដីដ៏សាហាវ រយៈពេលមួយសប្តាហ៍!

0

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល មួយសប្តាហ៍ បន្ទាប់ពីការរញ្ជួយដីដ៏សាហាវបានវាយប្រហារខេត្តជាច្រើននៅភាគខាងត្បូង។

លោក Erdogan បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា “ដោយសារការរញ្ជួយដីដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ ខ្ញុំសូមប្រកាសកាន់ទុក្ខចំពោះសោកនាដកម្មនេះ នៅទូទាំងប្រទេសរយៈពេល ៧ ថ្ងៃ” ។

យ៉ាងហោចណាស់មនុស្ស ២,៣៧៩ នាក់បានស្លាប់ និង ១,៤៤៨៣ នាក់ផ្សេងទៀតបានរងរបួស ដោយសារតែការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២ បានវាយប្រហារខេត្តចំនួន ១០ នៅភាគខាងត្បូងប្រទេសតួកគីកាលពីថ្ងៃចន្ទ ។

ទន្ទឹមនោះ ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រមួយនេះ មិនត្រឹមតែបំផ្លិចបំផ្លាញនៅក្នុងប្រទេសតួកគីប៉ុណ្ណោះទេ វាថែមបានអង្រួនយ៉ាងខ្លាំងផងដែរទៅដល់ប្រទេសស៊ីរីដែលនៅជិតខាងគ្នា ។

មន្ត្រីសុខាភិបាលប្រទេសស៊ីរីបាននិយាយថា មនុស្សយ៉ាងតិចណាស់ ១,៤៤៤ នាក់បានបាត់បង់ជីវិត ខណៈរាប់រយនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគី ។

គួរបញ្ជាក់ថា ក្រៅពីតួកគី និងស៊ីរី ការរញ្ជួយដីនេះក៏បានប៉ះពាល់ទៅដល់ប្រទេសចំនួន ៤ ផ្សេងទៀតផងដែរដូចជា លីបង់ ស៊ីប ក្រិក និងអ៊ីស្រាអែល ខណៈដែលតួកគី និងស៊ីរី រងគ្រោះខ្លាំងជាងគេ ដោយគិតរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ក្នុងប្រទេសទាំងពីរកើនជិត ៤ ពាន់នាក់ហើយ ៕

Leave A Reply

Your email address will not be published.