លោក ពូទីន អះអាងថាថា រុស្ស៊ី កំពុងព្យាយាមបញ្ឈប់អរិភាពនៅ អ៊ុយក្រែន!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុងកិច្ចប្រជុំជាមួយអ្នកតំណាងឧស្សាហកម្មអាកាសចរណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីមិនបានចាប់ផ្តើមអរិភាពក្នុងប្រទេសអ៊ុយក្រែនឡើយ ផ្ទុយទៅវិញគឺ រុស្ស៊ីកំពុងព្យាយាមបញ្ឈប់វាទៅវិញទេ ខណៈដែលអរិភាពបានកើតមានតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។
មេដឹកនាំរុស្ស៊ីរូបនេះបញ្ជាក់ថា “ខ្ញុំចង់និយាយម្តងទៀត យើងមិនបានចាប់ផ្តើមអរិភាពណាមួយទេ គឺយើងកំពុងព្យាយាមបញ្ចប់វា ។ អរិភាពទាំងនេះត្រូវបានចាប់ផ្តើមដោយអ្នកជាតិនិយមអ៊ុយក្រែន និងអ្នកដែលគាំទ្រពួកគេនៅក្នុងឆ្នាំ ២០១៤ នៅពេលដែលរដ្ឋប្រហារបានកើតឡើង ហើយទាំងអស់នោះបានចាប់ផ្តើមឡើងក្នុងព្រឹត្តិការណ៍នៅតំបន់ Crimea និងនៅ Donbass” ។
លោក ពូទីន បានចង្អុលបង្ហាញថា ទីក្រុងកៀវបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងតំបន់ Donbass ក្នុងឆ្នាំ ២០១៤ ដោយរំលោភលើកិច្ចព្រមព្រៀង និងកាតព្វកិច្ចទាំងអស់សម្រាប់ការផ្សះផ្សារវាងអ៊ុយក្រែន និងតំបន់ Donbass ។
លោក ពូទីន បានកត់សម្គាល់ថា “នៅឆ្នាំ ២០១៤ រថយន្តយោធាធុនធ្ងន់ត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការយោធាសំខាន់ៗប្រឆាំងនឹងអ្នកនៅតំបន់ Donbass នោះហើយគឺជាពេលដែលពួកគេចាប់ផ្តើមសង្រ្គាម” ។
ជាចុងក្រោយលោក ពូទីន បញ្ជាក់ថា សង្គ្រាមនោះបានអូសបន្លាយអស់រយៈពេល ៨ ឆ្នាំ ហើយមានគោលបំណងសម្លាប់ប្រជាជនដែលរស់នៅទីនោះ ដើម្បីប្រឡាក់ប្រទេសរុស្ស៊ី វប្បធម៌រុស្ស៊ី និងភាសារុស្ស៊ី ដោយឈាម ដូច្នេះតើយើងអាចរក្សាវាបានយូរប៉ុណ្ណាទៅ? ហេតុនេះហើយទើបយើងធ្វើប្រតិបត្តិសឹកដើម្បីបញ្ចប់អរិភាពមួយនេះ” ៕