ស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចនៅប្រទេសឡាវ!

0

 

(ភ្នំពេញ)៖ នៅថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវ។

ដំណើរទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន លោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួនទៀត។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយ លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោកនាយករដ្ឋមន្ត្រី សន សៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។

នៅក្រោយជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧»៕

Leave A Reply

Your email address will not be published.