សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ក្របខ័ណ្ឌរដ្ឋ ដល់បុគ្គលិកវិទ្យុវីអូឌី (VOD) ដែលបាត់បង់ការងារធ្វើដោយសារកំហុសមេដឹកនាំ!
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ក្របខ័ណ្ឌរដ្ឋ ដល់បុគ្គលិកវិទ្យុវីអូឌី (VOD) ដែលបាត់បង់ការងារធ្វើដោយសារកំហុសមេដឹកនាំ។
នៅលើផេកផ្លូវការ នារសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ៖ ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើ ដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។ សម្ដេចតេជោបន្តថា សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួង មុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្គត់ធ្ងន់ថា៖ «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើង ហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឱ្យយើងធ្វើនេះ ឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។ សម្ដេចតេជោអះអាងថា ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឱ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕