អភិបាលខេត្តកំពង់ចាម​ ណែនាំ​ដល់​មន្ទីរសាធារណការ ត្រូវបន្តពង្រឹងការងារផ្តល់សេវាសាធារណៈ​ ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា!

0

កំពង់ចាម​ ៖​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​ ត្រូវបន្តពង្រឹងការងារផ្តល់សេវាសាធារណៈ ដូចជាការចុះបញ្ជី ការផ្តល់បណ្ណបើកបរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។​ ការ​ថ្លែង​បែប​នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម​ នារសៀលថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ។

ត្ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្ដម​អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ​ ត្រូវបន្តពង្រឹងការងារស្ថាបនា ស្តារ ជួសជុល ពង្រីក និងថែទាំជាប្រចាំ ផ្លូវ-ស្ពាន​ លូ ប្រកបដោយគុណភាព សោភណ្ឌភាព និងរក្សាបានសុវត្ថិភាព ដើម្បីចូលរួមក្នុងការ កាត់បន្ថយភាពក្រីក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។​ ព្រមទាំង​ជួសជុល ឬអ៊ុតឡើងវិញ ឬដាក់ថ្មី នូវបរិក្ខាចរាចរណ៍ដូចជា គំនូស សញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលគីឡូម៉ែត្រ។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ឱ្យ​បន្តចុះអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីយានដ្ឋានជួសជុល កែច្នៃ និងដំឡើងយានយន្ត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមឱ្យគោរពតាមបទដ្ឋានបច្ចេកទេស និងលក្ខណៈបច្ចេកទេស ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងដោយយានយន្តគ្រប់ប្រភេទខុសលក្ខណៈបច្ចេកទេស និងលុបបំបាត់ ចោលទាំងស្រុងយានយន្តខុសលក្ខណៈបច្ចេកទេសធ្វើចរាចរណ៍លើដងផ្លូវ​។​

ជាមួយ​គ្នា​នោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ​ ត្រូវ​សហការជាមួយអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះអប់រំផ្សព្វផ្សាយ និងចាត់ វិធានការបន្ទាន់ចំពោះសំណង់មិនរៀបរយ តូបលក់ដូ ដែលរំលោភបំពានដីចំណីផ្លូវ។ ជាពិសេស​ត្រូវ​ចុះអប់រំណែនាំ និងចាត់វិធានការបន្ទាន់ដល់ ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន ដែលចាក់ដីលុបមុខទឹក ដោយដាក់លូមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស​ផងដែរ​ ។

បេីតាម​របាយការណ៍​របស់​ លោក​សុខ​ លឹមហៀង​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ចាម​ បានឱ្យដឹងថា​ ការងារចុះបញ្ជីយានយន្ត សរុបចំនួន ១.១៧៨គ្រឿង ក្នុងនោះ រថយន្តដឹកអ្នកដំណើរ ធុនធំមាន ៧គ្រឿង រថយន្តដឹកទំនិញធុនធំមាន ១.១៧១គ្រឿង​ បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សរុបចំនួន ២៩.៦៧០គ្រឿង ក្នុងនោះ រថយន្តទេសចរណ៍មាន ១២.០៨១គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូចមាន ៣.២០០គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំមាន ៩៦គ្រឿង រថយន្តដឹកទំនិញធុនតូចមាន ៥.៩៣៦គ្រឿង និង​រថយន្តដឹកទំនិញធុនធំមាន ៨.៣៥៧គ្រឿង​ផងដែរ​ ៕

 

 

Leave A Reply

Your email address will not be published.