ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម!
ខេត្តកំពង់ចាម ៖ ព្រឹកថ្ងៃពុធ ១០រោច ខែ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ
នៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកគ្រូ-អ្នកគ្រូ មន្រ្តីរាជការ និងនិស្សិតនៃវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាមផងដែរ។
បន្ទាប់កិច្ចស្វាគមន៍ ឯកឧត្តម ហែម វីរៈ នាយកវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាមបានលើកឡើងថា វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ត្រូវសម្រេចឱ្យប្តូរឈ្មោះ ពីសាលាជាតិកសិកម្ម កំពង់ចាម តាម អនុក្រឹត្យ លេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការបង្កើតវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតនៅក្រោម អាណាព្យាបាល បច្ចេក ទេសរបស់ ក្រសួងកសិ ក ម្ម រុក្ខា ប្រមាញ់ និងនេសាទ និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយ ដែលមានសមាជិកសរុប ចំនួន ៥ រូប គឺ៖ (១) តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធាន, (២) នាយកវិទ្យាស្ថានជាតិ សមាជិក (៣) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក, (៤) តំណាងក្រសួងអប់រំយុវជន និងកីឡា សមាជិក និង (៥) តំណាងបុគ្គលិកវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម សមាជិកស្វ័យប្រវត្តិ។
ឯកឧត្តមបន្តថា វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម បច្ចុប្បន្នទទួលបន្ទុកបណ្តុះបណ្តាលអ្នកបច្ចេកទេសកសិកម្មគ្រប់កម្រិត ជាអាទិភាពដំបូង ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកសិកម្ម និងថ្នាក់ បរិញ្ញាបត្ររងបច្ចេកទេស កសិ កម្ម បណ្តុះបណ្តាលមុខជំនាញ តាម សំណូ មពរទីផ្សារពលកម្ម និងភាពចាំបាច់របស់សង្គម
ជាតិ រួមមាន៖
១- ជំនាញ វិទ្យាសាស្រ្តកសិម្ម
២- ជំនាញ វិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ
៣- ជំនាញ វិទ្យាសាស្រ្ត ដំណាំកៅស៊ូ
៤- ជំនាញ វិទ្យាសាស្ត្រជលផល
៥- ជំនាញ សេដ្ឋកិច្ច និងគ្រប់គ្រងកសិកម្ម និង
៦-ស្ថានីយ៍ផលិតកម្ម និងស្រាវជ្រាវ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថ្លែងអំណរអរគុណនិងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួន ជូនជាតិ មាតុភូមិ ក្នុងបុព្វហេតុកិច្ចការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីចូលរួមប្រកបដោយសុឆន្ទៈ និងសារតីទទួល ខុសត្រូវខ្ពស់ក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាភារកិច្ចគន្លឹះ និងមានសារៈសំខាន់បំផុតក្នុងប្រែក្លាយធនធានមនុស្សក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ និងប្រសិទ្ធភាពក្នុងការបំពេញការងារសំដៅចូលរួមចំណែក បង្កើនល្បឿនអភិបាលកិច្ចល្អ និងលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ ជាពិសេសឆ្លើយតបទៅនឹងចក្ខុវិស័យកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០២០-២០៣០ គឺដើម្បីធានាបាននូវរដ្ឋបាលសាធារណៈផ្តោតលើប្រជាជនជាស្នូល ដែលមានលក្ខណៈខ្លាំង ស្អាតស្អំ និងវៃឆ្លាត សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន សមធម៌ និងយុតិធម៌ តាមរយៈការចងក្រង និងបង្កើត “ គោលនយោបាយធនធានមនុស្ស” របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះឡើង។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ការរៀបចំឱ្យមានគោលនយោបាយនេះ ជាការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ដែលផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យ អាទិភាពចំនួន ៤ ដែលមនុស្សជាអាទិភាពទី ១ ហើយផ្លូវ ភ្លើង និងទឹក ជាអាទិភាពបន្ទាប់។
លើសពីនេះទៅទៀតក្នុង បរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មសកល និងនវានុវត្តន៍បច្ចេកវិទ្យាដែលកំពុងស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្តូរថ្មីៗ និងជាបន្តបន្ទាប់នោះ គឺតម្រូវឱ្យក្រសួងយកចិត្តទុកដាក់ក្នុងការរៀបចំខ្លួនចាប់យកនូវកាលានុវត្តភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលនឹងកើតឡើងក្នុងការគ្រប់គ្រងរដ្ឋបាលមន្ត្រីរាជការតាមរយៈការផ្លាស់ប្តូរយ៉ាងខ្លាំងនូវស្ថានភាពសង្គម-សេដ្ឋកិច្ចសកល។
ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍សង្កត់ធ្ងន់ថា តាមរយៈរបាយការណ៍របស់ឯកឧត្តម ហែម វីរៈ នាយកវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម អម្បាញ់មិញដែលបានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម នាពេលកន្លងមក គឺពិតជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម និយាយដោយឡែក។ ជារួមសមិទ្ធផលទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីការចូលរួមរបស់ថ្នាក់ដឹកនាំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គភាពជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាសហគមន៍មូលដ្ឋានឡើយ។ ហើយខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមិទ្ធកម្មជាច្រើន ដែលវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ដណ្តើមបានលើការងារអភិវឌ្ឍន៍ ធនធានមនុស្ស ដែលជាទុនមួយយ៉ាងសំខាន់ក្នុងចំណោមទុននានាដទៃទៀត ដែលជាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យ កសិកម្ម តាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបានកំណត់៕