អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ទទួលជួបមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន!
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួល នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងប្រតិភូចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្ដែងការស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ និងប្រតិភូ ហើយសង្ឃឹមថា តាមរយៈនៃដំណើរទស្សនកិច្ចនេះ ពិតជាទទួលបានលទ្ធផលល្អរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនឯកឧត្តម នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ ពីសភាពការណ៍ខ្លះៗនៅកម្ពុជា ទាំងក្នុងពេលមានសង្គ្រាម និងក្រោយពេលបញ្ចប់សង្គ្រាម រហូតកម្ពុជាទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ហើយបច្ចុប្បន្ន កម្ពុជាកំពុងមានស្ថិរភាពនយោបាយល្អប្រសើរ និងដំណើរការអភិវឌ្ឍលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងបានបើកប្រទេសឡើងវិញនៅចុងឆ្នាំ២០២១ ដែលជោគជ័យនេះអាស្រ័យដោយកត្តា៣ ជាសំខាន់ គឺការដឹកនាំ ការចូលរួម និងការគាំទ្រ ពិសេសការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុវត្តគោលនយោបាយដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលា ។
ជាមួយនេះ នាយឧត្តមសេនីយ៍ វង្ស សេន ក៏បានលើកឡើងពីការចូលរួមចំណែករបស់កម្ពុជា នៅក្នុងការចូលរួមជាមួយអន្តរជាតិ ដូចជាការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ ការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព ការងារមនុស្សធម៌ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានបញ្ជាក់ជូនពីគោលនយោបាយការបរទេសឯករាជ្យរបស់កម្ពុជាដោយផ្អែកលើច្បាប់ ទី១.មិនគាំទ្រការប្រើប្រាស់កម្លាំងប្រឆាំងប្រទេសដទៃ, ទី២.មិនគាំទ្រការឈ្លានពានអធិបតេយ្យភាពនៃរដ្ឋឯករាជ្យ, ទី៣.មិនគាំទ្រចលនាបំបែករដ្ឋ ឬការបំបែករដ្ឋ, ទី៤.មិនគាំទ្រការកាត់យកទឹកដីពីរដ្ឋអធិបតេយ្យ, ទី៥.មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ, ទី៦.មិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជា, និងទី៧.មិនចូលរួមជាមួយប្រទេសណាមួយ ឬក្រុមប្រទេសណាមួយ ដើម្បីប្រឆាំងប្រទេសណាមួយ។
នាយឧត្តមសេនីយ៍ ក៏បានរំលឹកអំពីការរួមចំណែករបស់ប្រទេសជប៉ុន នៅក្នុងការរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា ដែលជួយឲ្យកម្ពុជាបង្កើតបានរាជរដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ១៩៩៣ ហើយមកដល់បច្ចុប្បន្ន ជប៉ុននៅតែបន្តជួយអភិវឌ្ឍន៍កម្ពុជា ក្នុងនោះកត្តាដែលសំខាន់ គឺការជួយកសាងធនធានមនុស្ស ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងកងកម្លាំងដែលទៅចូលរួមថែរក្សាសន្តិភាព និងការជួយពលករកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។
ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្ស សេន បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តអោយបានម៉ឺងម៉ាត់នូវអនុស្សរណៈយោគយល់(MOU) ស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរយោធារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីខែធ្នូ ឆ្នាំ ២០១៣ នៅទីក្រុងតូក្យូ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអរគុណដល់កងស្វ័យការពារជប៉ុន ដែលកន្លងមកបានជួយឧបត្ថម្ភទាំងសម្ភារៈ ស្មារតីដល់កងយោធពលខេមរភូមិន្ទ ក្នុងនោះ ការជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែង សម្រាប់វគ្គនាយទាហានសកម្ម និងវគ្គបញ្ជាការសេនាធិការ ជាដើម។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានស្នើសុំដល់ប្រទេសជប៉ុនបន្តទទួលយកសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅប្រទេសជប៉ុនឱ្យបានចំនួនកាន់តែច្រើន និងបានស្នើសុំជប៉ុនក្នុងការពិចារណាជួយឧបត្ថម្ភជាមធ្យោបាយសម្ភារៈ សុខាភិបាល តាមតម្រូវការរបស់កងទ័ពជើងគោកកម្ពុជា ដែលបានពិភាក្សាគ្នាជាមួយភាគីជប៉ុន។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ បានសំដែងការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សុខសន្តិភាព និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើន។
នាយឧត្តមសេនីយ៍ បានធ្វើការកត់សម្គាល់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការវិវត្តន៍ឥតឈប់ឈរ ក្នុងនោះវិស័យការពារជាតិ ក៏កំពុងត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយបណ្ដុះបណ្ដាល។
នាយឧត្ដមសេនីយ៍ យូស៊ីហ៊ីដិ បានសម្ដែងសេចក្តីរីករាយ និងអំណរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយតាមរយៈជោគជ័យនេះ ជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាថែមទៀត។
លោក មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ក៏បានរាយការណ៍ជូនឯកឧត្តមអគ្គមេបញ្ជាការផងដែរ ពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលធ្វើឱ្យកងទ័ពប្រទេសទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ពិសេសការពង្រីកជំនួយកិច្ចការមនុស្សធម៌ និងការងារសង្គ្រោះគ្រោះមន្តរាយ៕