អភិបាលខេត្តកំពតថា ការនាំចេញចេកអំបូងលឿងពីខេត្តកំពតទៅទីផ្សារបរទេសមានលក្ខណៈល្អប្រសើរ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តកំពត» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះក្នុងមួយខែៗនាំចេញទៅទីផ្សារបរទេសចំនួនជាង២ពាន់តោន។ ឯកឧត្តមអភិបាលខេត្តបានអះអាងថា ក្រុមហ៊ុនទាំងពីរនេះកំពុងតែមានការជំរុញបន្ថែមលើការដាំដុះ និងការនាំចេញទៅបរទេស។
បើតាមឯកឧត្តម ម៉ៅ ធនិន ក្រុមហ៊ុនដាំចេក និងនាំចេញចេកទាំងពីរនេះបានផ្តល់ការងារដល់ពលរដ្ឋក្នុងខេត្តកំពតចំនួនជាង២ពាន់នាក់។ ឯកឧត្តមគូសបញ្ជាក់ថា ដំណាំចេកខេត្តកំពត គឺស្រោចស្រពដោយប្រើទឹកជ្រោះ រួមទាំងគួបផ្សំនឹងកត្តាអាកាសធាតុ និងកត្តាដីផងដែរ ដែលធ្វើឱ្យដំណាំចេកមួយនេះមានឱរសជាតិផ្អែមមត់ និងក្រអូប។
បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានបញ្ជាក់ថា បើតាមប្រធានមន្ទីរកសិកម្មខេត្តកំពត ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនដែលដាំចេកនៅខេត្តកំពតទាំងពីរនេះបាន នាំចេញចេកទៅក្រៅប្រទេសចំនួនជាង ២០ម៉ឺនតោន។ បច្ចុប្បន្នផ្ទៃដីដាំចេកអំបូងលឿងក្នុងខេត្តកំពតមានទំហំ ១ ០៦៣ហិកតា ហើយផ្ទៃដីដែលប្រមូលផលបានគឺមានចំនួន ៦៦១ហិកតា ក្នុងនោះប្រមូលទន្និផល ក្នុងមួយហិកតាចំនួន ៤៣តោន។
សូមជម្រាបថា ក្រៅពីដំណាំទុរេន ម្រេច និងដូង ជាដំណាំដែលមានសក្តានុពលក្នុងខេត្តកំពតសម្រាប់នាំចេញទៅក្រៅប្រទេស ដំណាំចេកអំបូងលឿងក៏ជាដំណាំសម្រាប់នាំចេញទៅទីផ្សារបរទេសមានលក្ខណៈល្អប្រសើរផងដែរ៕