ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងទាំងពីរខ្សែ ដែលខ្សែទី១ ប្រវែង ១១.០៤ គីឡូម៉ែត្រ និងខ្សែទី២ ប្រវែង ៧.២ គីឡូម៉ែត្រនៅស្រុកស្រីសន្ធរ!
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវបេតុងទាំងពីរខ្សែ ដែលខ្សែទី១ ប្រវែង ១១.០៤ គីឡូម៉ែត្រ និងខ្សែទី២ ប្រវែង ៧.២ គីឡូម៉ែត្រនៅព្រែករំដេង ឃុំបារាយណ៍ និងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា ខ្ញុំសូមអបអរសាទរដល់ប្រជាជននៅឃុំព្រែករំដេង ឃុំបារាយណ៍ និងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលទទួលបានផ្លូវបេតុង ២ ខ្សែ ប្រវែង ១៨.២៤ គីឡូម៉ែត្រ។
ថ្ងៃនេះ ខ្ញុំបានចូលរួមជាមួយបងប្អូន ពូមីង លោកយាយលោកតា ប្រជាជននៅស្រុកស្រីសន្ធរ ដើម្បីបើកការដ្ឋានសាងសង់ផ្លូវបេតុងទាំងពីរខ្សែ ដែលខ្សែទី១ ប្រវែង ១១.០៤ គីឡូម៉ែត្រ និងខ្សែទី២ ប្រវែង ៧.២ គីឡូម៉ែត្រ។
ឯកឧត្តមមានប្រសាសន៍បន្តថា ឃុំបារាយណ៍ គឺជាឃុំដាច់ស្រយាល ក្នុងស្រុកស្រីសន្ធរ ដូចនេះការតភ្ជាប់ផ្លូវទាំងពីរខ្សែ ទៅកាន់ឃុំបារាយណ៍ គឺជាការបង្កើត និងពង្រឹងសសៃឈាមសេដ្ឋកិច្ចរបស់ប្រជាជននៅមូលដ្ឋាន សម្រួលដល់ការធ្វើដំណើរ និងការលំបាករបស់ប្រជាជន ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករមកកាន់ទីផ្សារ កាត់បន្ថយការចំណាយផ្សេងៗ ហើយផ្លូវនេះនឹងជាបណ្តាញតភ្ជាប់ទៅកាន់រាជធានីបុរាណទូលបាសាន សតវត្សរ៍ទី១៥ ដែលជាតំបន់ប្រវត្តិសាស្រ្ត។
កន្លងមក ប្រជាជនដែលបានប្រើប្រាស់ផ្លូវទាំងនេះ ជួបការលំបាកយ៉ាងខ្លាំង ជាពិសេសនៅរដូវវស្សា និងខែទឹកជន់ ហើយផ្លូវរងការខូចខាត និងជួសជុសជារៀងរាល់ឆ្នាំ។
ឯកឧត្តមសូមថ្លែងអំណរគុណដល់ពូមីង អ៊ុំ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ដែលតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរ ដើម្បីសុខសន្តិភាព ការអភិវឌ្ឍ និងផលប្រយោជន៍ជាតិ៕