ប្រទះឃើញមនុស្សរស់និងស្លាប់ជាច្រើននាក់ក្នុងឡានដឹកទំនិញមួយគ្រឿងដែលរត់ពន្ធជនចំណាកស្រុកនៅប៊ុលហ្គារី!
ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៨ នាក់ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងប្រទេសប៊ុលហ្គារីនៅក្នុងឡានដឹកទំនិញដែលគេបោះបង់ចោលនៅជិតរដ្ឋធានី Sofia ។
ក្រសួងមហាផ្ទៃរបស់ប្រទេសប៊ុលហ្គារី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា រថយន្តដឹកទំនិញនេះ កំពុងដឹកជញ្ជូនឈើ និងដឹកជនភៀសខ្លួន និងជនចំណាកស្រុកលាក់ខ្លួននៅក្នុងទូរកាប៊ីន។
រដ្ឋមន្ត្រីសុខាភិបាល លោក Asen Medzhidiev បាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន ៣៤ នាក់ រួមទាំងកុមារ ៥ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Sofia ហើយអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ដោយសារពួកគេមានការខ្វះខាតអុកស៊ីសែនក្នុងស្ថានភាពត្រជាក់ សើម ហើយពួកគេមិនបានញ៉ាំច្រើនថ្ងៃមកហើយខណៈដែលត្រូវបានគេសាក់សោឲ្យនៅក្នុងកាប៊ីនឡាន។
ទោះជាយ៉ាងណា ប៉ូលិសកំពុងស្វែងរកកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តដែលបានរត់គេចខ្លួន។
ប្រទេសប៊ុលហ្គារី គឺជាផ្លូវមួយដែលជនភៀសខ្លួន និងជនចំណាកស្រុកមកពីមជ្ឈិមបូព៌ា និងអាហ្វហ្គានីស្ថាន ដើម្បីឆ្លងកាត់ចូលទៅអឺរ៉ុបតាមរយៈលួចឆ្លងដែនតាមរថយន្តដឹកទំនិញ។
កាលពីឆ្នាំ ២០១៥ អ្នកបើកបរឡានដឹកទំនិញប៊ុលហ្គារី ៣ នាក់ត្រូវបានចាប់ខ្លួន ហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទសម្លាប់ជនចំណាកស្រុកចំនួន ៧១ នាក់ដែលត្រូវបានរកឃើញស្លាប់នៅក្បែរផ្លូវហាយវេអូទ្រីស។
ដោយឡែក កាលពីខែតុលា ឆ្នាំ ២០១៩ ប៉ូលីសអង់គ្លេសបានរកឃើញសាកសពមនុស្ស ៣៩ នាក់នៅក្នុងធុងទូរទឹកកកមួយដែលត្រូវបានដឹកទៅកាន់ប្រទេសអង់គ្លេស។ ប៉ូលីសបាននិយាយថា ជនរងគ្រោះទាំងអស់ដែលមានអាយុពី ១៥ ទៅ ៤៤ ឆ្នាំមកពីភូមិក្រីក្រក្នុងប្រទេសវៀតណាម ហើយត្រូវបានគេជឿថាបានបង់ប្រាក់ឱ្យអ្នករត់ពន្ធដើម្បីនាំពួកគេធ្វើដំណើរប្រថុយប្រថានទៅរស់នៅក្រៅប្រទេស៕