រុស្សុីនឹងបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង ក្នុងសមយុទ្ធជើងទឹករួមគ្នាជាមួយចិន!
សមយុទ្ធរយៈពេល ១០ថ្ងៃ ដែលមានឈ្មោះថា Mosi II នឹងធ្វើឡើងស្របពេលជាមួយខួបមួយឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ។ សមយុទ្ធកងទ័ពជើងទឹកនេះ នឹងធ្វើឡើងនៅកំពង់ផែ Durban និង Richards Bay ក្នុងខេត្ត KwaZulu-Natal របស់អាហ្វ្រិកខាងត្បូង។
សមយុទ្ធកងទ័ពជើងទឹករួមគ្នានេះ កើតមានឡើងចំពេលមានភាពតានតឹងរវាងចិន និងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបាល់ឡុងរបស់ចិនបានហោះពីលើសហរដ្ឋអាមេរិក ហើយទីបំផុតត្រូវយោធាអាមេរិកបានបាញ់ទម្លាក់។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានឱ្យដឹងថា នាវាចម្បាំងរុស្ស៊ីឈ្មោះ Admiral Gorshkov គ្រោងនឹងបាញ់សាកល្បងមីស៊ីល Zircon ក្នុងអំឡុងពេលសមយុទ្ធកងទ័ពជើងទឹករបស់ពួកគេផងដែរ។
នាវាចម្បាំងរុស្ស៊ីឈ្មោះ Admiral Gorshkov ដែលត្រូវបានបំពាក់ដោយក្បាល់មីស៊ីល Zircon លឿនជាងសម្លេងចុងក្រោយបង្អស់ ដែលជាអាវុធដែលរុស្ស៊ីអះអាងថា អាចជ្រាបចូលប្រព័ន្ធការពារមីស៊ីលណាមួយក៏បាន ហើយវាអាចវាយប្រហារគោលដៅទាំងនៅសមុទ្រ និងនៅលើដីទៀតផង បានមកដល់ទីក្រុង Cape Town កាលពីដើមសប្តាហ៍នេះ ដោយត្រូវបានសរសេរអក្សរ Z និង V នៅសងខាងរបស់វា ដែលជាអក្សរសម្គាល់ថាអាវុធរុស្ស៊ីនៅជួរមុខក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានគេប្រើជានិមិត្តសញ្ញាស្នេហាជាតិនៅក្នុងប្រទេសរុស្ស៊ី។
បន្ថែមពីលើនាវាចម្បាំង Gorshkov ក៏មាននាវាផ្សេងទៀតរួមមានដូចជា នាវាដឹកប្រេងរុស្ស៊ី នាវាចម្បាំងអាហ្វ្រិកខាងត្បូង និងនាវាចិនចំនួនបី ដែលជានាវាពិឃាត នាវាចម្បាំង និងនាវាគាំទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធាអាហ្វ្រិកខាងត្បូង៕