សម្តេចតេជោ ហ៊ុន សែន ប្រាប់ជនបរទេសកុំមកពាក់ព័ន្ធនឹងរឿងបិទ VOD!
ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១ ៩៤៦នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ថា៖ «ជនបរទេសនានា ខ្ញុំបានរំលឹក សុំមក កុំមកពាក់ព័ន្ធ ប្រទេសនេះប្រទេសកម្ពុជា មិនមែនប្រទេសអស់លោកទេ»។
សម្តេចបានបន្ថែមថា៖ «កុំសង្ឃឹមថានឹងរស់ឡើងវិញ តាមរយៈការទៅពឹងបរទេសនោះ បើពឹងបានគណបក្សដែលរំលាយទៅហើយ នឹងរស់ឡើងវិញបានហើយ មិនមែនគ្រាន់តែកូនវិទ្យុដ៏តូចមួយហ្នឹងទេ»។ សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថា ទោះបីបិទវិទ្យុ VOD ក៏មិនធ្វើឱ្យសេរីភាពសារព័ត៌មានធ្លាក់ចុះដែរ ផ្ទុយទៅវិញគឺជាការពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានបានត្រឹមត្រូវ។
សម្តេចតេជោបានលើកឡើងថា ការដែលសម្រេចបិទវិទ្យុ VOD យ៉ាងឆាប់រហ័សនេះ គឺក៏ព្រោះតែមានកត្តាជំរុញពី អ្នកបញ្ចេញមតិចំនួន ២នាក់ ដែលស្នើឱ្យសម្តេច ទុកពេលឱ្យ VOD បកស្រាយ និងពិចារណាលើការសម្រេចចិត្តបិទវិទ្យុមួយនេះឡើងវិញ។ តែយ៉ាងណាសម្តេចបានសម្រេចផ្តល់ក្របខណ្ឌរដ្ឋដល់បុគ្គលិក VOD ណាដែលចង់ចូលបម្រើការងារនៅតាមក្រសួងដែលខ្លួនចង់ចូល។ ប៉ុន្តែសម្តេចកំណត់ឱសានវាទត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣៕