បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជានឹងនៅតែបន្តខិតខំប្រឹងប្រែងរែកពន់អម្រែកភារកិច្ចដើម្បីភាពសុខសាន្តសម្រាប់ជាតិ!

0

 

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមថ្លែងបែបនេះ ក្នុងពេលដែលលោកតំណាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម និងបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជានៅខេត្តព្រះវិហារ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបន្តថា តទៅអនាគត គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តខិតខំប្រឹងប្រែងរែកពន់អម្រែកភារកិច្ច និងជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុតែមួយគត់ គឺភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនរុងរឿងសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម។ ជាមួយនឹងជំនឿយ៉ាងមុតមាំនេះ សម្តេចតេជោ តែងបានប្រកាន់ខ្ជាប់នូវការខិតខំកសាងអំពើបុណ្យជាមួយប្រជាពលរដ្ឋខ្មែរដោយក្តីអាណិតអាសូរ និងមិនមានការរើសអើង ដែលនេះគឺជាមូលដ្ឋានចម្បងក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈានមកដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅលើទឹកដីអង្គរដ៏បវរនៃយើង។ អំពើជាកុសលទាំងនេះ បានផ្តល់ផលបុណ្យតបស្នងជូនដល់ សម្តេចតេជោវិញ តាមរយៈការទទួលបាននូវក្តីស្រឡាញ់ស្មោះស្ម័គ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមាននៅក្នុងទីអារាមទើបមានអាយុកាលប្រមាណជាង៦ឆ្នាំមួយនេះ និងសូមកោតសរសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ព្រះចៅអធិការវត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង ដោយមានការចូលរួមពីសប្បុរសជនជិតឆ្ងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ វឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់បានឡើងពីបរិយាកាសគ្របដណ្តប់នៃកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាបច្ច័យដ៏មានតម្លៃមហាសាលនាំឱ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ៕

Leave A Reply

Your email address will not be published.