អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគម្រោងសាងសង់ស្ពានបេតុងមួយកន្លែង ក្នុងឃុំព្រែកកុយ ស្រុកកងមាស!
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងសាងសង់ស្ពានបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិគោហ៊េ ឃុំព្រែកកុយ ស្រុកកងមាស ។
គួរបញ្ជាក់ថា ស្ពានដែលកំពុងដំណើរការសាងសង់នៅក្នុងទីតាំងដូចខាងលើនោះ គឺជាស្ពានប្រភេទបេតុង ឆ្លងកាត់ព្រែកជីក មានប្រវែង ១០៨ម៉ែត្រ ទទឹង ១០ម៉ែត្រ ជាអំណោយរបស់រាជរដ្ឋាភិបាល ដែលអាចសាងសង់រួចជាស្ថាពរ នៅដើមឆ្នាំ២០២៤ ។
ដោយភូមិសាស្ត្រនៅចំណុចនេះមានផ្លូវពាក់ព័ន្ធគ្នា ជាមួយនឹងស្រុកជើងព្រៃ ស្រុកបាធាយ និងមកពីឃុំរាយប៉ាយ ស្រុកកងមាស ឆ្លងកាត់ស្ពាននេះ ទៅខេត្តកណ្ដាល ឬទៅភ្នំពេញតែម្តង ។ ពោលគឺស្ពានដែលកំពុងសាងសង់នេះ នឹងបម្រើឱ្យការធ្វើដំណើរ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងដឹកកសិផលទៅកាន់ទីផ្សារបស់ប្រជាកសិករ សំដៅជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់កម្រិតជីវភាពប្រជាជននៅតាមជនបទ ដើម្បីបង្ខិតជនបទឱ្យ មានជីវភាពប្រហាក់ប្រហែលនឹងទីប្រជុំជនផងដែរ ៕