អាកាសធាតុនៅភាគខាងកើត អ៊ុយក្រែន ប្រែទៅជាក្ដៅ និងមានភក់ ធ្វើឲ្យ​ទ័ព រុស្ស៊ី កំពុងជាប់គាំង!

0

 

បច្ចុប្បន្នអាកាសធាតុនៅភាគខាងកើតរបស់អ៊ុយក្រែនកំពុងប្រែក្លាយទៅជាក្ដៅ និងបង្កឲ្យមានភក់ ដែលធ្វើឲ្យមានការលំបាកសម្រាប់កងទ័ពរុស្ស៊ីក្នុងការគ្រប់គ្រងទាំងស្រុងលើទីក្រុង Bakhmut ហើយអាចបង្កឲ្យមានការជាប់គាំងផងដែរ ។

 

ក្រសួងការពារជាតិអង់គ្លេសនិយាយថា រូបភាពផ្កាយរណបបានបង្ហាញឲ្យឃើញពីរថពាសដែកជាច្រើនគ្រឿងរបស់អង្គភាពវរជនរុស្ស៊ី បាននិងកំពុងជាប់ភក់នៅជិតផ្លូវចូលទីក្រុង Bakhmut ហើយស្ថានភាព​ភក់នេះ​នឹង​រារាំង​ដល់​ការ​ធ្វើ​ដំណើរ​បិទផ្លូវ​នៃ​រថពាសដែក​ធុន​ធ្ងន់ ជាពិសេស​នៅ​លើ​ដី​ជ្រាយក្នុង​តំបន់តែម្ដង ។

 

កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយសន្ធាប់របស់ខ្លួនដើម្បីឡោមព័ទ្ធទីក្រុងយុទ្ធសាស្ត្រ Bakhmut និងថែមទាំងបានសម្លាប់ទាហានអ៊ុយក្រែន បំផ្លាញរថពាសដែក និងគោលដៅផ្សេងទៀត ក្នុងគោលបំណងគ្រប់គ្រងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ។

 

កងទ័ពរុស្ស៊ី និងទាហានស៊ីឈ្នួល Wagner Group បានបាញ់ស្រោចកាំភ្លើងធំលើផ្លូវចូលចុងក្រោយទៅកាន់ទីក្រុង Bakhmut ដែលនាំឲ្យទីក្រុងមូស្គូកាន់តែខិតទៅជិតជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នាបំផុតក្នុងសង្គ្រាមមួយនេះ ។

 

គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧០,០០០ នាក់នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ Donbas ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ី ៕

 

Leave A Reply

Your email address will not be published.