លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី និងលោក ទុន ណេត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា !
នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ទុន ណេត អភិបាល នៃអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំលោក-លោកស្រី ស្នងការរង នាយការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ។
អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយនេះមានទំហំទទឹង១១ម៉ែត្រ បណ្ដោយ៧ម៉ែត្រ (ស្របតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ) ដែលទទួលបានការឧបត្ថម្ភពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយគ្រោងចំណាយលេីការសាងសង់ថវិកាប្រមាណ ជិត២មុឺនដុលា្លរអាមេរិក។
ក្នុងពិធីនោះលោកឧត្តមសេនីយ៍ ហេង វុទ្ធី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកា 1000$ ប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា សម្រាប់ការចាក់ដីបំពេញបន្ថែមក្នុងបរិវេណប៉ុស្តិ៍ និងជូនបច្ច័យតាជី យាយជី ១៣នាក់ ម្នាក់ៗទទួលបាន បច្ច័យ០១មុឺនរៀល និងក្រម៉ា០១ តាអាចារ្យម្នាក់ បច្ច័យ ០៥មុឺនរៀល និងក្រម៉ា០១ ផងដែរ ។
បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការ និងសហការី បានបន្ដចុះត្រួតពិនិត្យការសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ និងប៉ុស្ត៍នគរបាលរដ្ឋបាល ទួលព្រះឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបាននឹងកំពុងសាងសង់ សម្រេចបាន៥០ភាគរយ និងបន្ដចុះសាកសួរទុក្ខកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការកសាងអគាររប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់នេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ស្នងការបានណែមន្រ្តីនគរបាលប៉ុស្តិ៍ត្រូវចេះថែរក្សាសមិទ្ធផលដែលទទួលបាននាថ្ងៃនេះដើម្បីប្រើប្រាស់បានយូរអង្វែង។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់ លោកមេប៉ុស្តិ៍ កងកម្លាំងនគរបាលប៉ុស្តិ៍ ដងក្តាទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ចរបស់យើង ៕