សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការ និងទប់ស្កាត់រាល់ការសាងសង់សំណង់លើដីសាធារណៈ ឬដីចំណីផ្លូវ !
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការទប់ស្កាត់នូវរាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាត។
នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាជធានីភ្នំពេញ ដែលជាប៉ូលសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ បាននឹងកំពុទាក់ទាញការវិនិយោគពីវិនិយោគិនក្នុងស្រុក និងពីបណ្តាប្រទេសនានា ដើម្បីអភិវឌ្ឍវិស័យដីធ្លី អចលនទ្រព្យ និងផលិតកម្ម សេវាកម្ម ដែលធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍទីក្រុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នានាបណ្តាលមកពីការប្រែប្រួលនៃសភាពការណ៍ពិភពលោកក៏ដោយ។
សម្ដេចក្រឡាហោម បន្ដថា ស្របពេលជាមួយការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនរហ័សទាំងនេះ យើងក៏បានកត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធគុណភាពបរិស្ថាន បញ្ហាអនាម័យ សោភ័ណភាពទីក្រុង និងបញ្ហាកក់ស្ទះចរាចរណ៍ជាដើម។
សម្ដេចក្រឡាហោម បន្ថែមថា ដើម្បីធានាដល់ការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព មានរបៀបរៀបរយ និងសោភ័ណភាពល្អ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ស្ដីពីសំណង់ លិខិតបទដ្ឋានពាក់ព័ន្ធ និងបទដ្ឋានបច្ចេកទេស ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានល្អ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ព្រមជាមួយនេះ ត្រូវចាត់វិធានការទប់ស្កាត់នូវរាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាត ក៏ដូចសំណង់ទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់ សោភ័ណភាព សណ្ដាប់ធ្នាប់រៀបរយសាធារណៈ និងបរិស្ថានក្នុងទីក្រុង»៕