បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន!

0

 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់ គឺការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនក្លាយជាប្រទេសអ្នកមាន និងប្រជាជនមានជីវភាពធូរធាសម្បូរសប្បាយក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ដូច្នេះ សូមសកម្មយុវជនទាំងអស់បន្តជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ជាពិសេសបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មជនយុវជនគណបក្សនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសហគ្រិនភាព គំនិតច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈខ្ពស់ តាមរយៈការចូលរួមចំណែកដោយផ្ទាល់ និងដោយប្រយោលជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការសង្គម វប្បធម៌ សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ និងជឿទុកចិត្ត សម្រាប់បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ជានិច្ចតទៅសម្រាប់អ្នកជំនាន់ក្រោយគ្រប់សម័យកាល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងបានផ្តល់នូវការគាំពារ និងការគាំទ្រដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ ទី១.ជីវភាពប្រកបដោយក្តីសុខសាន្តនៅក្នុងសុខសន្តិភាព ទី២.សន្តិសុខ សុវត្ថិភាព ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសិទ្ធិសេរីភាពលើការប្រកបអាជីវកម្មគ្រប់ប្រភេទដែលច្បាប់អនុញ្ញាត រួមទាំងកាអនុគ្រោះលើការចំណាយដើម្បីបំពេញអនុលោមភាព ទី៣.ឱកាសក្នុងការសិក្សារៀនសូត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី៤.ការផ្តល់នូវប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីជួយកាត់បន្ថយចំណាយលើការព្យាបាលជំងឺ ទី៥.ការគាំពារផ្នែកច្បាប់ និងការពង្រឹងអភិបាលកិច្ចល្អដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងទី៦.ការលើកទឹកចិត្តឱ្យចូលរួមទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធតាមរយៈការរៀបចំយន្តការចុះបញ្ជី និងការអនុគ្រោះផ្សេងៗ ដើម្បីផ្តល់ភាពស្របច្បាប់ និងអត្ថប្រយោជន៍នានា។

ឯកឧត្តមបណ្ឌិតបានលើកឡើងឡើង បានមានប្រសាសន៍ថា ការជួបជុំក្នុងទ្រង់ទ្រាយធំប្រកបដោយភាពរីករាយ និងត្រជាក់ត្រជុំក្នុងថ្ងៃនេះ ជាមួយនឹងវត្តមានរបស់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតប្រមាណ៨,០០០នាក់ គឺពិតជាមានសភាពខុសពីរយៈពេលជាង២ឆ្នាំមុន ដែលពេលនោះរាជធានីភ្នំពេញកំពុងត្រូវបានញាំញីដោយជំងឺកូវីដ-១៩។ ទីតាំងកោះពេជ្រនេះផ្ទាល់ ត្រូវបានរៀបចំជាមណ្ឌលព្យាបាលដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ហើយជីវភាពរបស់ប្រជាពលរដ្ឋទូទៅ រួមទាំងបងប្អូននៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ទទួលរងនូវផលប៉ះពាល់ពីការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះផងដែរ។ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួមពីកម្លាំងសាមគ្គីជាតិទាំងមូល សភាពការណ៍អាសន្ន ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលធ្វើឱ្យអត្រាស្លាប់មានកម្រិតទាប ហើយអាយុជីវិតរបស់អ្នកជំងឺរាប់សែននាក់ត្រូវបានសង្គ្រោះ ខណៈដែលជីវភាពរបស់ប្រជាពលរដ្ឋរាប់លានអ្នកត្រូវបានធានាការពារ និងស្តារឱ្យមានលំនឹងឡើងវិញរួចផុតពីវិបត្តិ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះការជ្រើសរើសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ប្រកបដោយក្តីស្រឡាញ់ និងជំនឿជឿជាក់មកលើបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។ ពិតណាស់ ពាក្យក្នុង ឬក្រៅប្រព័ន្ធ គឺគ្រាន់តែជាការកំណត់និយមន័យជាលក្ខណៈបច្ចេកទេសសេដ្ឋកិច្ចតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជាវិញ គឺវិនិយោគិន ពាណិជ្ជករ អាជីវករ សិប្បករ កម្មករ-និយោជិត និងសហគ្រិនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺសុទ្ធសឹងជាប្រជាពលរដ្ឋខ្មែរដូចគ្នាទាំងអស់ និងជាសមាជិក-សកម្មជនគណបក្ស ដែលមានសិទ្ធិ និងការទទួលខុសត្រូវតែមួយ ហើយក៏ទទួលបាននូវការយកចិត្តទុកដាក់គិតគូរជួយទំនុកបម្រុងគាំពារដូចគ្នាផងដែរ ស្របទៅតាមគោលនយោបាយចំពោះវិស័យនីមួយៗ៕

Leave A Reply

Your email address will not be published.