មេទាហានស៊ីឈ្នួល Wagner ទាមទារគ្រាប់រំសេវបន្ថែមទៀតសម្រាប់សមរភូមិនៅ Bakhmut!
ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បាននិយាយថា កងកម្លាំងរបស់ខ្លួនគឺនៅជិតកណ្តាលនៃទីក្រុងជួរមុខ Bakhmut ។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃសៅរ៍ លោក Yevgeny Prigozhin ត្រូវបានគេឃើញឈរនៅលើដំបូលនៃអគារខ្ពស់មួយនៅក្នុងអ្វីដែលគាត់អះអាងថាជា Bakhmut ។
ដោយសំនេរថា “នេះជាអគាររបស់រដ្ឋបាលក្រុង Bakhmut ជាចំណុចកណ្តាលនៃទីប្រជុំជន ដោយចង្អុលទៅអគារមួយនៅចម្ងាយ”។
លោក Yevgeny បាននិយាយថា សំខាន់បំផុតឥឡូវនេះគឺយើងត្រូវការគ្រាប់រំសេវបន្ថែមទៀតពីកងទ័ពរុស្សុីដើម្បី”ឆ្ពោះទៅមុខ” ។
លោកបានបន្ថែមថា កងកម្លាំងរបស់លោកត្រូវការគ្រាប់រំសេវចំនួន ១០.០០០ តោនក្នុងមួយខែសម្រាប់ការប្រយុទ្ធនេះ។
គួរជម្រាបថា ក្រុមទាហានសុីឈ្នួល Wagner បាននិងកំពុងដឹកនាំការវាយលុកប្រឆាំងនឹងទីក្រុងនានានៅភាគខាងកើតអ៊ុយក្រែន រួមទាំង Bakhmut ដែលជាការប្រយុទ្ធដ៏យូរបំផុត នៃការវាយលុករយៈពេលមួយឆ្នាំរបស់រុស្ស៊ី។ ខណៈដែលភាគីទាំងពីរបានរងការខាតបង់យ៉ាងខ្លាំង៕