អ៊ុយក្រែន សុំឲ្យ អាមេរិក ជួយអាប់ដេតប្រព័ន្ធខែលការពារដែនអាកាស!
ប្រមុខយោធាអ៊ុយក្រែនលោក Valerii Zaluzhnyi បានប្រាប់សមភាគីអាមេរិកថា រដ្ឋាភិបាលទីក្រុងកៀវចាំបាច់ត្រូវពង្រឹងសមត្ថភាពប្រព័ន្ធខែលការពារដែនអាកាសរបស់ខ្លួន ហើយសុំឲ្យទីក្រុងវ៉ាស៊ីនតោនជួយលើបញ្ហានេះផងដែរ ។
លោកអគ្គមេបញ្ជាការ Zaluzhnyi បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិកលោកឧត្តមសេនីយ៍ Mark Milley ហើយលោកក៏បានស្នើសុំការផ្គត់ផ្គង់គ្រាប់រំសេវ និងឧបករណ៍ផ្សេងទៀតបន្ថែមផងដែរ ។
ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់មីស៊ីលជាមួយនឹងអាវុធផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍ ជាពិសេសគឺមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ដែលរុស្ស៊ីអួតថា ជាអាវុធទំនើបបំផុតរបស់កងកម្លាំងខ្លួន ។
រុស្ស៊ីបានបាញ់ស្រោចមីស៊ីលចំនួន ៨១ គ្រាប់ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួន ៦ គ្រាប់ និងយន្តហោះដ្រូនចំនួន ៨ គ្រឿង ក្នុងអំឡុងពេលនៃការវាយប្រហារទៅលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា កន្លងទៅនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការបាញ់មីស៊ីលស្រោចលើកចុងក្រោយបង្អស់របស់រុស្ស៊ីនៅពេលនេះ គឺជាការវាយប្រហារធ្ងន់ធ្ងរបំផុតលើប្រទេសអ៊ុយក្រែន មិនធ្លាប់មានសោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ៕