ភ្នំពេញត្រូវការភ្លើងអគ្គិសនីជាង ១០០០មេហ្គាវ៉ាត់ ស្មើនឹងពាក់កណ្ដាលនៃការប្រើប្រាស់អគ្គិសនីសរុបក្នុងប្រទេស!
ខេត្តពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា បច្ចុប្បន្នកម្ពុជាត្រូវការអគ្គិសនីប្រមាណជាង២ពាន់មេហ្គាវ៉ាត់ក្នុងមួយថ្ងៃ ក្នុងនោះផ្គត់ផ្គង់ដល់រាជធានីភ្នំពេញជាងពាក់កណ្ដាលដែលស្មើនឹងជាង១ពាន់មេហ្គាវ៉ាត់។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយពលរដ្ឋដែលទទួលសំណងពីផលប៉ះពាល់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោថា ភ្នំពេញមានតម្រូវការច្រើនដោយសារតម្រូវការកើនឡើងនៃអគារខ្ពស់ និងការប្រើប្រាស់បច្ចេកវិទ្យាច្រើនដើម្បីសម្រួលការលំបាករបស់ពលរដ្ឋ ខណៈដែលកាលពីមុនមានតម្រូវការត្រឹម ៣០ មេកាវ៉ាត់ប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កត្តាតម្រូវការអគ្គិសនីនេះ គឺតម្រូវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ ស្របពេលការកើនឡើងនៃការប្រើប្រាស់អគ្គិសនីនេះ គឺបានបង្ហាញកំណើន ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។៕