សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ស្ដ្រី កុំប្រឹងកែសម្ផស្ស ទេវតាផ្តល់ឲ្យប៉ុណ្ណា យកប៉ុណ្ណឹងទៅ!

0

 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការអំពាវនាវដល់ស្ដ្រីទាំងឡាយ កុំខំប្រឹងកែសម្ផស្ស បើទេវតាផ្តល់ឲ្យប៉ុណ្ណា យកប៉ុណ្ណឹងទៅ ដូច្នេះសូមកុំប្រឈមនឹងគ្រោះថ្នាក់អំពីការកែសម្ផស្សនេះ។

 

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីមានករណីស្ត្រីម្នាក់វ័យ៤០ឆ្នាំ បានស្លាប់ក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីវះកាត់កែដើមទ្រូងកាលពីជាង១០ថ្ងៃមុន។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ផ្ទះលេខ73B តាមបណ្តោយផ្លូវលេខ70 ក្នុងសង្កាត់ស្រះចក ។

 

ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោបានថ្លែងថា «អំពាវនាវដល់ស្ដ្រីទាំងឡាយ កុំដល់ថ្នាក់ណុងពេក ធម្មជាតិរបស់វា ឲ្យតាមហ្នឹងចុះ ប្ដីស្រលាញ់ មិនស្រលាញ់ ក៏ហីទៅ ចាំបាច់យកកម្ម យកពារ ។ អីចឹងចាក់ថ្នាំសន្លប់រួចហើយ ត្រូវវះ ហើយខ្លះទៅកាត់ច្រមុះ កាត់មាត់ ឈឺណាស់លោកអើយ ទេវតាឲ្យប៉ុណ្ណា យកប៉ុណ្ណឹងទៅ ធ្វើម៉េចរូបរាងយើងប៉ុណ្ណឹង ប៉ុន្ដែអ្នកដែលគេនិយម មិនដឹងធ្វើយ៉ាងម៉េចដែរ? សិទ្ធិរបស់គេ យើងក៏យកចិត្តទុកដាក់សុខភាពទាំងនោះ»។

 

សម្តេចតេជោបន្ដថា ចំពោះអ្នកកែសម្ផស្ស បើនៅសម័យប៉ុលពតកើតឡើងវិញ គឺស្លាប់មុនគេហើយ។ សម្តេចថា ទោះកែ ឬមិនកែ នាសម័យនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ តែក៏ត្រូវគិតគូរដល់ហានិភ័យ នៃសុខភាពខ្លួនឯងផងដែរ។

 

សូមរំលឹកថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល សម្រេច បិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ដែលស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីមានករណីស្ត្រីម្នាក់ស្លាប់ភ្លាមៗ ក្រោយវះកាត់កែសម្ផស្សនៅមជ្ឈមណ្ឌលនេះ៕

Leave A Reply

Your email address will not be published.