អ៊ីរ៉ាក់ និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងរឹតបន្តឹងសន្តិសុខព្រំដែន!
អ៊ីរ៉ាក់ និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខព្រំដែន ជាសកម្មភាពមួយ ដែលក្រុមមន្ត្រីអ៊ីរ៉ាក់និយាយថា មានគោលបំណងជាចម្បងក្នុងការរឹតបន្តឹងព្រំដែនជាមួយតំបន់ឃឺដរបស់ប្រទេសអ៊ីរ៉ាក់ ដែលទីក្រុងតេអេរ៉ង់និយាយថាក្រុមប្រដាប់អាវុធឃឺដបង្កការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បាននិយាយថា កិច្ចព្រមព្រៀងសន្តិសុខរួមកាលពីថ្ងៃអាទិត្យរួមមានការសម្របសម្រួលនៅក្នុង “ការការពារព្រំដែនរួមរវាងប្រទេសទាំងពីរ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខមួយចំនួន”។
ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ Ali Shamkhani បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ Qasim al-Araji នៅចំពោះមុខនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed al-Sudani ។
មន្ត្រីសន្តិសុខអ៊ីរ៉ាក់ដែលបានចូលរួមការចុះហត្ថលេខានេះបាននិយាយថា “នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខដែលបានចុះហត្ថលេខានោះ អ៊ីរ៉ាក់សន្យាថា ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមប្រដាប់អាវុធប្រើប្រាស់ទឹកដីរបស់ខ្លួននៅក្នុងតំបន់ឃឺដរបស់អ៊ីរ៉ាក់ដើម្បីបើកការវាយប្រហារឆ្លងព្រំដែនណាមួយលើប្រទេសជិតខាងអ៊ីរ៉ង់ឡើយ” នេះបើយោងតាម Reuters ។
គួរជម្រាបថា កាលពីឆ្នាំមុន ក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់បាននិយាយថា ក្រុមបំផ្ទុះគ្រាប់បែកដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខរបស់ខ្លួន គឺជាក្រុមយុទ្ធជនឃឺដ ដែលធ្វើការឱ្យប្រទេសអ៊ីស្រាអែល ដែលគ្រោងនឹងបំផ្ទុះមជ្ឈមណ្ឌលឧស្សាហកម្មការពារជាតិ “រសើប” នៅក្នុងទីក្រុង Isfahan៕