សម្ដេចថា ៖កម្ពុជានឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណ៣លានហិកតា ឱ្យទទួលផលប្រាំមួយលានហិកតាក្នុងមួយឆ្នាំ!

0

 

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណ ៣លានហិកតា ឱ្យទទួលផល ប្រាំមួយលានហិកតាក្នុងមួយឆ្នាំ។ ប្រសាសន៍ខាលើនេះ ក្នុងការអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្ដេចបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលធ្វើឲកម្ពុជាឈានដល់ដំណាក់កាលថ្មី អាចបង្កើតពូជស្រូវថ្មី បានដោយខ្លួនឯង មានទិន្នផលខ្ពស់ ធន់អាកាសធាតុ។ ហើយត្រូវខិតខំកែច្នៃផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្ស​បាន៥-១៥ នាក់យ៉ាងតិច ខណៈមនុស្សកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់។

ជាពិសេសផលិតពូជ​ស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់​តាម​តម្រូវការទីផ្សារ ទាំងក្នុងស្រុក និងក្រៅប្រទេស។

សម្ដេចបានប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ​ជាប៉ូលសេដ្ឋកិច្ចទី៤ ហើយកម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន​ លើផ្នែកកសិ-ឧស្សាហកម្ម។និងជំរុញឱ្យគ្រប់អាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្ពស់ចំពោះ​មន្ត្រី​ជំនាញកសិកម្ម ដែលចុះ ទៅជួយនៅតាមមូលដ្ឋានគ្រប់ឃុំទាំងអស់ ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាកសិករដើម្បីទទួលបានជំនាញច្បាស់លាស់លើវិស័យកសិកម្ម។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជានឹងទម្លាក់ទុនប្រមាណ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។ សម្ដេចក៏ស្នើយកគំរូក្រុមហ៊ុននៅថៃឈ្មោះCP ដែលចាត់ទុក «កសិករជាដៃគូជីវិត និងអ្នកប្រើប្រាស់ជាចៅហ្វាយ» ។ ថែមទាំបានជំរុញឱ្យមានការស្រាវជ្រាវពូជដំណាំនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ហើយត្រូវរក្សា​ការពារ​ទីតាំងរបស់វិទ្យាស្ថាន ស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ឱ្យខានតែបាន ដោយមិនឱ្យនរណាមកប៉ះពាល់នោះឡើយ ៕

Leave A Reply

Your email address will not be published.