ទីបំផុត អាល្លឺម៉ង់ បានបញ្ជូនរថក្រោះ Leopard 2 ចំនួន១៨គ្រឿង ទៅដល់ដៃអ៊ុយក្រែនហើយ!
ក្រសួងការពារជាតិអាល្លឺម៉ង់ បានឱ្យដឹងនៅថ្ងៃចន្ទសប្ដាហ៍នេះថា កំពូលរថក្រោះប្រយុទ្ធ Leopard 2 ចំនួន១៨គ្រឿងដែលទីក្រុងបែរឡាំងសន្យាផ្ដល់ឱ្យទីក្រុងកៀវ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងរុស្ស៉ី ត្រូវបានបញ្ជូនទៅដល់អ៊ុយក្រែនហើយ។
គួរជម្រាបថា ប្រទេសអាល្លឺម៉ង់ កាលពីខែមករាដើមឆ្នាំ២០២៣ បានយល់ព្រមផ្ដល់រថក្រោះ Leopard 2 ឱ្យអ៊ុយក្រែនដែលចាត់ទុកថារថក្រោះនេះពិតជាមានសារៈសំខាន់ក្នុងការវាយបំបាក់ការឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែទីក្រុងមូស្គូបានចាត់ទុកថាជាសកម្មភាពបង្កហេតុប្រកបដោយគ្រោះថ្នាក់។ នៅក្នុងសារបង្ហោះលើ Twitter រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីស្ដូរៀស (Boris Pistorius) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាជឿជាក់ថារថក្រោះទាំងនេះនឹងចូលរួមចំណែកសម្រេចបាននូវសមិទ្ធិផលដ៏សំខាន់នៅលើសមរភូមិ»។
ក្រៅតែពីរថក្រោះ Leopard 2 ចំនួន១៨គ្រឿង រថពាសដែក Marder ចំនួន៤០គ្រឿង ក៏ត្រូវបានបញ្ជូនទៅដល់ដៃអ៊ុយក្រែនហើយផងដែរ។
គួរបញ្ជាក់ថា ទាហានអាល្លឺម៉ង់ ក៏បានជួយបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនពីរបៀបប្រើប្រាស់រថក្រោះ Leopard 2 និងរថពាសដែក Marder អស់រយៈពេលជាច្រើនសប្ដាហ៍ នៅក្នុងទីក្រុង មុនស្ទ័រ (Muenster) និងទីក្រុង បែរហ្គិន (Bergen) ស្ថិតនៅភាគខាងជើងប្រទេសអាល្លឺម៉ង់៕