ចិន​ចង់ឱ្យ​យក​អ្នក​វាយប្រហារ Nord Stream មក​កាត់ទោស​ដើម្បី​រក​យុត្តិធម៌​ឲ្យរុស្សុី!

0

 

ទីក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​អំពី “​ស្តង់ដារ​ពីរ​” ជុំវិញ​ជំហរ​លើ​ការស៊ើបអង្កេត​ការបំផ្លិចបំផ្លាញ​នៃ​បំពង់​បង្ហូរ​ប្រេង Nord Stream2​។​

 

ក្រសួងការបរទេស​ចិន​បាន​និយាយថា អ្នក​បំផ្លិចបំផ្លាញ​បំពង់​បង្ហូរ Nord Stream2 ត្រូវតែ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស ហើយ​ក៏បាន​ថ្កោលទោស​អាមេរិក​ក្នុងការ​បរាជ័យ​លើ​ការគាំទ្រ​ការស៊ើបអង្កេត​ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ​លើ​ឧប្បត្តិ​ហេតុនេះ​។

 

ទន្ទឹម​នោះ​ដំណោះស្រាយ​ដែល​ឧបត្ថម្ភ​ដោយ​រុស្ស៊ី​សម្រាប់​ការស៊ើបអង្កេត​អន្តរជាតិ​មួយ​មិនបាន​ឆ្លងកាត់​ការបោះឆ្នោត​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពីដើម​សប្តាហ៍​នេះ​ទេ​។​

 

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នី​ង បាន​អះអាងថា ទីក្រុង​វ៉ាស៊ីនតោន ចង់​អនុវត្ត​នូវ​អ្វីដែល​ហៅថា ការស៊ើបអង្កេត នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍ ប៉ុន្តែ​នៅតែមាន​ការសម្ងាត់​ចំពោះ​ឧប្បត្តិ​ហេតុនេះ​។ អ្នកការទូត​រូបនេះ​បាន​លើកទ្បើង​ថា​អាកប្បកិរិយា​របស់​សហ​រដ្ឋ​អាមេរិក​គឺជា​ឧទាហរណ៍​នៃ ស្តង់ដារ​ពីរ​យ៉ាង​ជាក់ស្តែង​។​លោកស្រី​ក៏ បាន​ស្នើថា​មន្ត្រី​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ប្រហែលជា​ខ្លាច អ្វីមួយ​បានជា​មិន​គាំទ្រ​ការស៊ើបអង្កេត​លើ​បញ្ហា​នោះ​។

 

លោកស្រី Mao បាន​បន្ថែមថា ប្រទេស​ចិន​សង្ឃឹមថា ជនល្មើស​នឹងត្រូវ​បាន នាំយកមក​កាត់ទោស ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​រក​ភាពយុត្តិធម៌​ពិតប្រាកដ​។​

 

ប្រទេស​ចិន រុស្ស៊ី និង​ប្រេ​ស៊ី​ល​បាន​គាំទ្រ​សេចក្តីព្រាង​ដំណោះស្រាយ​សម្រាប់​ការស៊ើបអង្កេត Nord Stream អន្តរជាតិ​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ បើទោះបីជា​សមាជិក​ចំនួន ១២ នាក់​ផ្សេងទៀត​បាន​បដិសេធ​ក៏ដោយ​។

 

ប្រសិនបើ​ត្រូវបាន​អនុម័ត ដំណោះស្រាយ​នឹង​ស្នើ​សុំឱ្យ​អគ្គលេខាធិការ​បង្កើត​គ​ណៈ​កម្ម​ការ​មួយ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​អន្តរជាតិ​ដ៏​ទូលំទូលាយ តម្លាភាព និង​មិន​លំអៀង នៃ​ឧប្បត្តិ​ហេតុដែល​បាន​កើតឡើង​នៅក្នុង​ខែកញ្ញា​ឆ្នាំមុន​លើ​បំពង់​បង្ហូរ​ឧ​ស្ម​ន័​។​

 

សហរដ្ឋអាមេរិក​បាន​អះអាងថា​សំណើ​ខាងលើនេះ​មានបំណង​ធ្វើឱ្យ​ខូច​ដល់​ការស៊ើបអង្កេត​ថ្នាក់ជាតិ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រទេស​អាល្លឺម៉ង់ ដា​ណឺ​ម៉ាក និង​ស៊ុយអែត​នាពេល​កន្លងមក​។ អាឡឺម៉ង់​គឺជា​អ្នកទទួល​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ដែល​ត្រូវបាន​បូម​តាម​បំពង់​បង្ហូរ​ប្រេង​ដែល​ត្រូវបាន​បំផ្លាញ​នោះ​។ ប្រទេស​ដា​ណឺ​ម៉ាក និង​ស៊ុយអែត​កំពុងធ្វើការ​ស៊ើបអង្កេត ខណៈដែល​ការផ្ទុះ​ដែល​បំបែក​ទំនាក់ទំនង​ថាមពល​បាន​កើតឡើង​នៅក្នុង​ដែនទឹក​របស់​ពួកគេ​។​

 

តំណាង​រង​របស់​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ លោក Geng Shuang បាន​អះអាងថា គ្មាន​ឧបសគ្គ​ក្នុង​ការបើក​ការស៊ើបអង្កេត​អន្តរជាតិ​ស្រប​ជាមួយ​ប្រទេសជាតិ​នោះទេ​។​

 

លោក Geng ក៏បាន​កត់សម្គាល់​ដែរ​ថា ប្រទេស​ទាំងបី​នៃ​ប្រទេស​អឺរ៉ុប​មាន​ពេល​ប្រាំ​មួយខែ​រួចហើយ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​របស់​ពួកគេ តែ​មិនមាន​លទ្ធផល​ជាក់លាក់​។ គណៈប្រតិភូ​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រំពឹងថា​ពួកគេ បង្កើន​អារម្មណ៍​នៃ​ភាព​បន្ទាន់​របស់​ពួកគេ រាយការណ៍​ពី​វឌ្ឍនភាព​នៃ​ការស៊ើបអង្កេត​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​ឱ្យបាន​ទាន់ពេលវេលា និង​ទៀងទាត់ ហើយ​ស្វែងរក និង​ប្រកាស​លទ្ធផល​នៃ​ការស៊ើបអង្កេត​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។

 

អ្នកកាសែត​ស៊ើបអង្កេត​ជើងចាស់​លោក Seymour Hersh បាន​អះអាង​កាលពី​ខែ​មុន​ថា ការវាយប្រហារ​លើ​បំពង់​បង្ហូរ Nord Stream ត្រូវបាន​បញ្ជា​ដោយ​ប្រធានាធិបតី​អាមេរិក Joe Biden ហើយ​ត្រូវបាន​ធ្វើឡើង​រួមគ្នា​ដោយ​អាមេរិក និង​ន័​រ​វែ​ស​។ ប៉ុន្តែ ប្រទេស​ទាំងពីរ​បា​នប​ដិ​សេធ​ការចោទប្រកាន់​ទាំងនោះ​។

 

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក យល់ព្រម​ទាំងស្រុង ជាមួយនឹង​ការសន្និដ្ឋាន​របស់ Hersh៕

Leave A Reply

Your email address will not be published.