ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី!
នៅព្រឹកស្អែក ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣,៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ ម៉ឺនម៉ែត្រការ៉េដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំបានប្រមាណ ៧ លាននាក់ និងស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT ៥៥ ឆ្នាំ។
តាមរយៈអាកាសយានដ្ឋានថ្មីនេះគឺជាគម្រោងកម្រិតយុទ្ធសាស្ត្ររវាងប្រទេសចិន និងកម្ពុជា ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ដែលមិនអាចទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗ ។ មួយវិញទៀត វានឹងធ្វើឱ្យតំបន់នៅជុំវិញអាកាសយានដ្ឋាននេះ មានការរីកចម្រើនផងដែរ។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00ព្រឹក ៕