លោក Trump ប្រឈមនឹងការចាប់ខ្លួនបន្ទាប់ពីរងការចោទប្រកាន់ដោយតុលាការទីក្រុងញូវយ៉ក!
សហរដ្ឋអាមេរិកប្រឈមមុខការបែកបាក់ផ្ទៃក្នុងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ខណៈនៅសប្ដាហ៍នេះលោក ដូណាល់ ត្រាំ អាចនឹងត្រូវគេវាយខ្នោះ ផ្ដិតមេដៃលើក្រដាសស្នាម និងបង្ហាញខ្លួននៅក្នុងតុលការ ពាក់ព័ន្ធនឹងបទចោទប្រកាន់ព្រហ្មទណ្ឌ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ត្រាំ ក៏បានក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេ ដែលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ បន្ទាប់ពីការស៊ើបអង្កេតជុំវិញការសូកប៉ាន់បំបិតមាត់តារាអាសអាភាសឈ្មោះ Stormy Daniels ។
ទន្ទឹមនោះ លោក ត្រាំ ក៏បានរិះគន់សេចក្ដីសម្រេចចិត្តរបស់គណៈវិនិច្ឆ័យនៃសង្កាត់ Manhattan គឺលោក Alvin Bragg ថាជា “ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការជ្រៀតជ្រែកការបោះឆ្នោតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស” ផងដែរ ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times កាលពីសុក្របានឲ្យដឹងថា បើតាមការគ្រោងទុក អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការសម្រាប់បទចោទប្រកាន់ព្រហ្មទណ្ឌនៅថ្ងៃអង្គារ ទី៤ ខែមេសាខាងមុខនេះ ។
គួរបញ្ជាក់ថា ការចោទប្រកាន់លើលោក ត្រាំ បានកើតមានឡើង ខណៈលោកកំពុងព្យាយាមធ្វើយ៉ាងណាអាចក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋសាជាថ្មី សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៤ ៕