សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយយោធា ២.៦ ពាន់លានដុល្លារបន្ថែមទៀត ឲ្យ អ៊ុយក្រែន !

0

 

រដ្ឋបាលលោក បៃដិន បានប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ២.៦ពាន់លានដុល្លារ ដែលក្នុងនោះរួមបញ្ចូលទាំងគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធកាំភ្លើងធំចល័ត (HIMARS) និងប្រព័ន្ធការពារដែនអាកាស Patriot ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី០៤ខែមេសា។

លើសពីនេះ រដ្ឋបាលលោកបៃដិន នឹងចំណាយប្រាក់ ២.១ពាន់លានដុល្លារពីមូលនិធិជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដើម្បីទិញខែលការពារដែនអាកាសបន្ថែម ក៏ដូចជាកាំភ្លើងធំ និងគ្រាប់រំសេវ រថក្រោះ ប្រព័ន្ធកាំភ្លើងត្បាល់ គ្រាប់រ៉ុកកែត និងប្រព័ន្ធប្រឆាំងរថពាសដែកសម្រាប់ទីក្រុងកៀវផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានឲ្យដឹងថា “ថ្ងៃនេះ ក្រសួងការពារជាតិ សូមប្រកាសជំនួយផ្នែកសន្តិសុខថ្មីដ៏សំខាន់សម្រាប់ប្រទេសអ៊ុយក្រែន។ នេះរួមបញ្ចូលទាំងគ្រាប់រំសេវជាច្រើនទៀតសម្រាប់ HIMARS ដែលផ្តល់ដោយសហរដ្ឋអាមេរិក, ឧបករណ៍ស្ទាក់ចាប់ដែនអាកាស និងគ្រាប់កាំភ្លើងធំដែលអ៊ុយក្រែនកំពុងប្រើប្រាស់ដើម្បីការពារខ្លួន ក៏ដូចជាប្រព័ន្ធប្រឆាំងរថពាសដែក អាវុធធុនតូច យានដឹកជញ្ជូនឧបករណ៍ធុនធ្ងន់ និងជំនួយថែទាំចាំបាច់ក្នុងការពង្រឹងសមត្ថភាពកងទ័ពអ៊ុយក្រែននៅលើសមរភូមិ ដែលមានតម្លៃរហូតដល់៥០០លានដុល្លារ”។

អ៊ុយក្រែន ​ក៏​នឹងទទួលបាន​សព្វាវុធ​សម្រាប់​ប្រព័ន្ធ​មីស៊ីលបាញ់ពី​ដី​ទៅអាកាស​កម្រិត​ខ្ពស់ (NASAMS), រ៉ាដា​ឃ្លាំមើល​ដែនអាកាស​ចំនួន​បី, ប្រព័ន្ធ​រ៉ុកកែត​ដឹកនាំ​ដោយ​ឡាស៊ែរ​ចល័ត c-UAS ចំនួន១០ និង​ប្រព័ន្ធកាំភ្លើងប្រឆាំងយន្តហោះគ្មានមនុស្សបើក៣០មិល្លីម៉ែត្រចំនួន៩ទៀតផង។

លើសពីនេះ សហរដ្ឋអាមេរិកនឹងផ្តល់ឲ្យអ៊ុយក្រែននូវឡានដឹកប្រេងចំនួន៦៩គ្រឿង និងធុងប្រេងចំនួន១០៥ធុង, រថពាសដែកចំនួន១៨គ្រឿងដើម្បីសង្គ្រោះឧបករណ៍ ប្រព័ន្ធធ្វើស្ពានពាសដែកចល័ត និងអាវុធធុនតូចចំនួន ៣៦០០ គ្រឿង រួមជាមួយនឹងគ្រាប់រំសេវអាវុធធុនតូចជាង ២៣ លានគ្រាប់៕

Leave A Reply

Your email address will not be published.