លោក ត្រាំ មិនសារភាពទោសកំហុស លើការចោទប្រកាន់ព្រហ្មទណ្ឌ ៣៤ករណី !
បន្ទាប់ពីបានប្រគល់ខ្លួននៅទីក្រុងញូវយ៉ក អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានសារភាពទោសកំហុសទេលើបទចោទប្រកាន់ព្រហ្មទណ្ឌទាំង៣៤ករណី ក្នុងសំណុំរឿងដែលផ្តើមចេញពីការចោទប្រកាន់ផ្តល់ប្រាក់សូកប៉ាន់បំបិទមាត់ទៅឲ្យតារាអាសអាភាស Stormy Daniels កាលពីឆ្នាំ២០១៦។
លោក ត្រាំ អាយុ៧៦ឆ្នាំ ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃអង្គារ នៅក្នុងបន្ទប់សវនាការតំបន់ Manhattan ដោយគាត់បានក្លាយជាអតីតប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់គាត់បានថ្កោលទោសការចោទប្រកាន់នេះថាជា “ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ” ដោយមេធាវី Alvin Bragg ដែលជាអ្នកប្រជាធិបតេយ្យ។
គួរបញ្ជាក់ជាថ្មី កាលពីសប្តាហ៍មុន គណៈវិនិច្ឆ័យនៅតំបន់ Manhattan បានបោះឆ្នោតចោទប្រកាន់លោក ត្រាំ ចំនួន៣៤ករណីពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មទាក់ទងនឹងការបង់ប្រាក់ចំនួន១៣០០០០ទៅឲ្យ Daniels។
ការបង់ប្រាក់នោះ ត្រូវបានចោទប្រកាន់ថា ធ្វើឡើងដោយមេធាវីរបស់លោក ត្រាំ ឈ្មោះ Michael Cohen ដើម្បីបំបិទមាត់ Daniels អំពីទំនាក់ទំនងស្នេហាជាមួយមហាសេដ្ឋី ដែលកំពុងឈានទៅរកការឈ្នះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦នៅពេលនោះ៕