ឈាមស្រែក ស្បែកហៅ ! ដោយសារភ្លេីងប្រចណ្ឌប្ដីយកកូនកន្ត្រៃចាក់កសម្លាប់ប្រពន្ធមិនញញេីតដៃបណ្ដាលឱ្យស្លាប់ !
(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ជាឃាតក និងត្រូវជាប្ដីបានប្រើកូនកន្ត្រៃចាក់កសម្លាប់ប្រពន្ធខ្លួនឯងបណ្ដាលឱ្យស្លាប់ក្នុងមុង រួចគេចចេញពីកន្លែងកេីតហេតុបាត់ទាំងយប់ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋប្រទះឃេីញកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ តែក៏ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនឃាតកជាប្ដីបាននាថ្ងៃខែដដែលផងដែរ ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ យឺន ឌីណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឃាតកជាប្ដីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ១-កូនកន្ត្រៃតូច ពណ៌ក្រហមចំនួន០១, ២-ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌ផ្ទៃមេឃ ចំនួន០២គ្រឿង (មួយគ្រឿងអត់ថ្ម និងអត់សំបកខាងក្រោយ), ៣-ថង់ក្រណាត់ពណ៌ក្រហមចំនួន០១ ។
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី ជនសង្ស័យឈ្មោះ ទៀង រស្មី បាននៅផ្ទះជាមួយជនរងគ្រោះ(សព)ឈ្មោះ យឺន ឌីណា (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) ស្ថិតនៅកន្លែងកេីតហេតុ ។ ពេលនោះ ជនសង្ស័យ បាននិយាយប្រាប់ឱ្យជនរងគ្រោះឈប់ធ្វើការជាសន្តិសុខនៅម្តុំស្តុបផ្សារថ្នល់បត់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ព្រោះជនសង្ស័យមានការប្រចណ្ឌទៅលើជនរងគ្រោះថា មានការលួចលាក់ស្នេហាជាមួយសន្តិសុខដូចគ្នា ហើយជនរងគ្រោះបាននិយាយប្រកែកជាមួយជនសង្ស័យថា មិនឈប់ធ្វើការទេ បើជនសង្ស័យនៅតែបង្ខំឱ្យជនរងគ្រោះឈប់ធ្វើការ ជនរងគ្រោះនឹងទៅស្នាក់នៅកន្លែងធ្វើការក្បែរស្តុបផ្សារថ្នល់បត់ខាងលើនោះតែម្តង។
បន្ទាប់មកជនសង្ស័យខឹងនឹងសម្ដីរបស់ជនរងគ្រោះក៏បានដើរទៅយកកូនកន្ត្រៃដែកពណ៌ក្រហមពីក្នុងថង់ក្រណាត់ ពណ៌ក្រហម ដែលប្រពន្ធបានទុកក្បែរពូកដេក រួចក៏យកកន្ត្រៃនោះកាន់នៅដៃខាងស្តាំ ហើយដើរទៅពីខាងក្រោយ ជនរងគ្រោះយកដៃឆ្វេងក្រៀកកពីខាងក្រោយ ដៃស្តាំយកកន្ត្រៃចាក់កសង្កត់ផ្តេកទៅលើពូករហូតដល់ជនរងគ្រោះ ដាច់ខ្យល់ស្លាប់តែម្តង ។
ក្រោយមកជនសង្ស័យក៏បានជិះម៉ូតូសេ១០០កូរ៉េ ពណ៌ក្រហម (ម៉ូតូចាស់) គេចខ្លុនទៅដល់ផ្លូវជាតិលេខ៣ មិនដឹងថានៅទីណាពិតប្រាកដ ម៉ូតូក៏គាំងម៉ាស៊ីនជិះទៅមុខលែងរួច ជនសង្ស័យក៏បានរុញម៉ូតូនោះចូលទៅក្នុងទឹកប្រឡាយមិនស្គាល់ទីតាំងពិតប្រាកដ រួចក៏ដើរតាមផ្លូវជាតិលេខ៣បន្ត រហូតដល់ ម៉ោង១០និង០០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យបានសុំរ៉ឺម៉កអ្នកដំណើរជិះត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីមើលជនរងគ្រោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចកន្លែងកើតហេតុ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី ។
បច្ចុប្បន្ននេះ ជនសង្ស័យជាឃាតកសម្លាប់ប្រពន្ធត្រូវបានកម្លាំងជំនាញធ្វេីការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ។ ចំណែកសពស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យសាច់ញាតិចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕