វៀតណាម ប្រកាសដំឡើងថ្លៃអគ្គិសនីដើម្បីស្តារការខាតបង់!
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កំពុងពិចារណាដំឡើងថ្លៃអគ្គិសនី បន្ទាប់ពីក្រុមហ៊ុនរដ្ឋ Vietnam Electricity (EVN) បានរាយការណ៍អំពីការខាតបង់យ៉ាងធំ សម្រាប់ឆ្នាំមុន។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai បានប្រាប់ VnExpress នាពេលថ្មីៗនេះថា “អត្រានិងពេលវេលានៃការដំឡើងថ្លៃនេះ នឹងត្រូវពិចារណាយ៉ាងប្រុងប្រយ័ត្នដើម្បីការពារផលប្រយោជន៍របស់ EVN, ការពារសាធារណជន និងអាជីវកម្ម ព្រមទាំងគ្រប់គ្រងអតិផរណា”។
ក្រសួងបាននិយាយកាលពីសប្តាហ៍មុនថា ការចំណាយកាលពីឆ្នាំមុនរបស់ EVN បានកើនឡើង ៩.២៧ ភាគរយ ហើយវាបណ្តាលឲ្យមានការខាតបង់ក្នុងទំហំទឹកប្រាក់ចំនួន ៣៦.២៩ ពាន់ពាន់លានដុងស្មើនឹង ១.៥៥ពាន់លានដុល្លារអាមេរិក។
ចំពោះបញ្ហានេះ អគ្គនាយករង EVN លោក Nguyen Xuan Nam បានលើកឡើងថា ការខាតបង់ដ៏ធំ ធ្វើឲ្យក្រុមហ៊ុនស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏លំបាក ដូច្នេះហើយ ក្រុមហ៊ុនបានស្វែងរកការដំឡើងពន្ធនៅឆ្នាំនេះ។
យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងហិរញ្ញវត្ថុ, ប្រសិនបើពន្ធលើថាមពលកើនឡើង ៥ ភាគរយនៅឆ្នាំនេះ នោះសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់នឹងកើនឡើង ៣.៩ ភាគរយ ។
គួរបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ តម្លៃអគ្គិសនីនៅវៀតណាមគឺ ១,៨២៦ ដុងក្នុងមួយគីឡូវ៉ាត់ម៉ោង (៣១៥ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង)៕