ចិនបញ្ជូនក្រុមនាវាដឹកនាំដោយនាវាដឹកយន្តហោះចូលក្បែរដែនទឹកកោះតៃវ៉ាន់ មុនជំនួបរវាងមេដឹកនាំកោះតៃវ៉ាន់ និងប្រធានសភាអាមេរិក !

0

 

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធថា ក្រុមនាវាផ្ទុកយន្តហោះចិនមួយក្រុមស្ថិតនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះនេះ ចំថ្ងៃដែលប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen គ្រោងនឹងជួបជាមួយប្រធានសភាតំណាងសហរដ្ឋអាមេរិក លោក Kevin McCarthy ក្នុងទីក្រុង Los Angeles។

ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងនៅថ្ងៃពុធ ទី៥ ខែមេសានេះថា ក្រុមនាវាចម្បាំង និងនាវាផ្ទុកយន្តហោះរបស់ចិនមួយគ្រឿងចូលក្បែរដែនទឹក នៃឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះនេះ ស្របពេលដែលមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen គ្រោងនឹងជួបជាមួយប្រធានសភាតំណាងសហរដ្ឋអាមេរិក លោក Kevin McCarthy ក្នុងទីក្រុង Los Angeles។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កប៉ាល់ចិនដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Shandong បានឆ្លងកាត់ច្រក Bashi រវាងតៃវ៉ាន់ និងហ្វីលីពីន មុនពេលចូលដល់ដែនទឹកភាគអាគ្នេយ៍នៃកោះតៃវ៉ាន់។ កោះតៃវ៉ាន់និយាយទៀតថា កប៉ាល់ទាំងនោះ (របស់ចិន) កំពុងហ្វឹកហាត់នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយត្រូវបានតាមដានយ៉ាងដិតដល់ ដោយកងទ័ពជើងទឹក និងទ័ពអាកាសរបស់តៃវ៉ាន់ ក៏ដូចជាប្រព័ន្ធរ៉ាដានៅលើដី។

ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងថា «បក្សកុម្មុយនិស្តចិនបន្តបញ្ជូនយន្តហោះ និងកប៉ាល់ទៅកាន់កាប់សមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់» ដោយសង្កត់ធ្ងន់ថា វាបានគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិរបស់កោះនេះ ក៏ដូចជាស្ថានភាពនៃសន្តិសុខ និងស្ថិរភាពក្នុងតំបន់ផងដែរ»។

ប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានព្រមានខ្លាំងៗអំពីវិធានការឆ្លើយតប ប្រសិនបើជំនួបរវាងមេដឹកនាំកោះវ៉ាន់ លោកស្រី Tsai Ing-wen និងប្រធានសភាតំណាងសហរដ្ឋអាមេរិក លោក Kevin McCarthy ដំណើរការទៅមុខដូចការគ្រោងទុក។ កាលពីខែសីហាឆ្នាំមុន ចិនដីគោកក៏បានធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិកកាលនោះគឺលោកស្រី Nancy Pelosi ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ៕

Leave A Reply

Your email address will not be published.