កូរ៉េខាងជើង ទទួលបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មថ្មីរបស់ខ្លួន!
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានបញ្ចប់ការអភិវឌ្ឍន៍ ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ហើយបានបញ្ជាឱ្យមន្ត្រីបន្តការបាញ់បង្ហោះដូចដែលបានគ្រោងទុក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
នៅក្នុងដំណើរទស្សនកិច្ចនៅរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិលោក គីម បាននិយាយថា ការអភិវឌ្ឍសមត្ថភាពឈ្លបយកការណ៍ គឺជាអាទិភាពមួយដើម្បីទប់ទល់នឹង “ការគំរាមកំហែង” ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយផ្កាយរណបជាច្រើនគឺចាំបាច់ដើម្បីបង្កើតសមត្ថភាពប្រមូលផ្តុំស៊ើបការណ៍យ៉ាងរឹងមាំ នេះបើយោងតាមសារព័ត៌មាន KCNA របស់រដ្ឋ។
លោក Kim បានជំរុញឱ្យមានការដាក់ពង្រាយផ្កាយរណបតាមការគ្រោងទុក ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទបាញ់បង្ហោះនោះទេ។
គួររំលឹកដែរថា កាលពីខែធ្នូ ប្រទេសកូរ៉េខាងជើងបានធ្វើអ្វីដែលខ្លួនហៅថាជា “ដំណាក់កាលចុងក្រោយ” ការសាកល្បងដ៏សំខាន់មួយសម្រាប់ផ្កាយរណបចារកម្ម ហើយបាននិយាយថា ខ្លួននឹងបញ្ចប់ការត្រៀមខ្លួនសម្រាប់ការបាញ់បង្ហោះនៅខែមេសា។
ទោះជាយ៉ាងណា លោក Kim ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងពីការពង្រីកយុទ្ធនាការយោធាអរិភាពក្នុងនាមពង្រឹងសម្ព័ន្ធភាពរបស់ពួកគេ ហើយបានអះអាងថា សហរដ្ឋអាមេរិកកំពុងព្យាយាម “ប្រែក្លាយកូរ៉េខាងត្បូងទៅជាមូលដ្ឋានកម្រិតខ្ពស់សម្រាប់ការឈ្លានពាន និងឃ្លាំងអាវុធសម្រាប់សង្គ្រាម” ដោយការដាក់ពង្រាយសព្វាវុធយោធាដូចជាយន្តហោះ។នាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែក ដែលមានសមត្ថភាពនុយក្លេអ៊ែរ នៅក្នុងតំបន់៕