ម្ចាស់ផ្ទះកម្ពុជា មិន​តម្រូវ​ឱ្យ​ប្រតិភូកីឡា​អាស៊ីអាគ្នេយ៍​ទាំង​អស់​បង់​ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិក ក្នុង១​ថ្ងៃៗ​នោះ​ឡើយ !

0

 

(ភ្នំពេញ) ៖ ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជា​ប្រវត្តិ​​សាស្ត្រ​ដំបូងរបស់កម្ពុជា ឱ្យ​ទទួលបានជោគជ័យ ជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជា នឹង​មិន​តម្រូវ​ឱ្យ​ប្រតិភូកីឡា​អាស៊ីអាគ្នេយ៍​ទាំង​អស់​បង់​ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិក ក្នុង១​ថ្ងៃៗ​នោះ​ឡើយ។

 

នេះបើតាមការ​បញ្ជាក់​របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំពិសេសមួយ ក្រោម​វត្ត​មាន​ដ៏​ខ្ពង់ខ្ពស់​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC-CAMAPGOC ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំងអស់។

 

ឯកឧត្តម វ៉ាត់ ចំរើន ​បាន​ថ្លែង​ថា ៖«នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ យើង​ទាំងអស់​គ្នា​ទទួល​បាន​អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ដែល​បាន​លើក​ឡើង​ពី​ការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​​របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រតិភូកីឡា​មក​ពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងអស់ នឹងមិនបង់ថ្លៃចំនួន ៥០ដុល្លារ ក្នុងម្នាក់ៗ ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះ​កម្ពុជានោះទេ។ យើង​ទាំង​អស់គ្នា ពិតជាមានភាពកក់ក្តៅ និងរំភើបរីករាយ ប្រកបដោយមោទនភាពជាតិ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយ​យើង​ទាំង​អស់គ្នា​នឹង​គោរព​តាម​ការ​សម្រេច​ចិត្តនេះ»។

 

«គ្រប់គណៈកម្មការជំនាញទាំងអស់ ទទួលបានអនុសាសន៍បន្ថែមពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយ​យើង​នឹងផ្សព្វផ្សាយជូនដល់ប្រតិភូកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទាំងអស់ថា យើង​នឹង​មិន​ទទួល​យក​ប្រាក់​កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន​៥០ដុល្លារ ក្នុង​១​ថ្ងៃៗ​នោះទេ។ យើងនឹងផ្តល់ជូនព័ត៌មាននេះ ដល់បណ្តាប្រទេសទាំងអស់ ដែល​កំពុង​ត្រៀម​ចូលរួម​ប្រកួត​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុង​បំណង​ចម្បង​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ទាំង​មូល​នៅ​កម្ពុជា ​ទទួលបានភាពកក់ក្តៅ និងជោគជ័យទាំងអស់គ្នា។ នេះជាចំណុចសំខាន់បំផុត ក្នុង​កិច្ច​​ប្រជុំ​ប្រកបដោយអត្ថន័យ នៅព្រឹកថ្ងៃនេះ»។​ ឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់បន្ថែម។

 

ជាមួយគ្នា​នេះ ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុក ការ​មិន​ទទួល​យក​ប្រាក់​កម្រៃ ឬ​ថ្លៃ​សេវា​របស់​ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន​៥០ដុល្លារ ក្នុង​១​ថ្ងៃៗនេះ ​ថា ជា​សម្រេច​ចិត្ត​ដ៏​វិសេស​វិសាល​មួយ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ស៊ីហ្គេម ហើយ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ នឹង​គោរព​នូវ​ការ​សម្រេច​ចិត្ត​ដ៏​ខ្ពង់​ខ្ពស់​របស់​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា។

 

 

 

បន្ថែមពីនេះ កិច្ចប្រជុំថ្ងៃនេះ ក៏បានផ្តោតសំខាន់ទៅលើ​បញ្ហាសំខាន់ៗមួយចំនួនទៀត ដូច​ជា​ការ​បូក​សរុប​របាយការណ៍​រួម និងសភាពការណ៍បច្ចុប្បន្ន ដើម្បីត្រៀមរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើក​ទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះជាកិច្ចប្រជុំលម្អិតលើផែនការ និង​ដោះ​ស្រាយ​លើ​​កិច្ចការ​​មួយ​​ចំនួន ដែល​នៅ​សេសសល់។ ជាមួយគ្នានេះ អង្គ​ប្រជុំ ក៏​ផ្តោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់ អនាម័យ ការតុបតែង ដើម្បីឱ្យ​មានសោភ័ណភាពផងដែរ។

 

ឯកឧត្តម​ វ៉ាត់ ចំរើន​ ក៏បានអំពាវនាវដល់សហព័ន្ធកីឡាជាតិ ដែលគ្រប់គ្រងក្រុមកីឡាករ កីឡាការិនី​ជម្រើស​ជាតិទាំងអស់ ត្រូវថែទាំសុខភាពពួកគាត់ឱ្យ​បានល្អប្រសើរ កុំឱ្យ​មានរបួសស្នាមផ្សេងៗ ជាពិសេស​កុំឱ្យ​មានការប្រកួតណាមួយ ក្នុងអំឡុងត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ការត្រៀមខ្លួនប្រកួតប្រជែងមេដាយជូនជាតិ។ នេះ​គឺ​ជា​សារ​មួយ​ដ៏​សំខាន់​របស់​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីថែបំប៉នគុណភាពបច្ចេកទេស សុខ​ភាព​អត្តពលិក​កម្ពុជា​​ឱ្យ​មានរឹងមាំ។

 

បន្ថែមពីលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏​បាន​ជំរុញ​បន្ថែម​ដល់​គ្រប់​គណៈកម្មការជំនាញ​ទាំងអស់​ ធ្វើកិច្ចការងារឱ្យ​មានភាពសកម្ម ទាំងក្នុងពេលត្រៀម និងទាំងក្នុងពេលប្រកួត ជាពិសេស​គឺ​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃ​ក្នុង​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បីរួមគ្នា​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍កីឡាទាំង២ ជាប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា​ដំណើរ​ការ​​ដោយ​​រលូន និងជោគជ័យផងដែរ៕

Leave A Reply

Your email address will not be published.