មនុស្ស 12 នាក់បានស្លាប់ក្នុងការបំផ្ទុះមួយនៅការិយាល័យប្រឆាំងភេរវកម្មប៉ាគីស្ថាន!
ប៉ូលិសបាននិយាយថា ការបំផ្ទុះពីរបានកក្រើកទីតាំងប្រឆាំងភេរវកម្មនៅភាគពាយព្យប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 12 នាក់ និងជាង 50 នាក់ផ្សេងទៀតរងរបួស។
លោក Sharifullah Khan មន្ត្រីប៉ូលីសនៅទីក្រុង Kabal បានប្រាប់ Al Jazeera ថាយ៉ាងហោចណាស់មនុស្ស 12 នាក់បានស្លាប់នៅក្នុងការបំផ្ទុះកាលពីថ្ងៃចន្ទនៅឯនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) នៅជ្រលង Swat ខេត្ត Khyber Pakhtunkhwa ខណៈដែលមនុស្សជាង 50 នាក់ត្រូវបានរាយការណ៍ថាបានរងរបួស។
ទោះជាយ៉ាងណា ប៉ូលីសមិនអាចទាន់សន្និដ្ឋានបានទេថា នេះជាវាយប្រហារភារវកម្ម ឬយ៉ាងណានោះទេ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ភាគច្រើននៃអ្នកដែលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ គឺជាមន្ត្រីប៉ូលិសប្រឆាំងភេរវកម្ម ដោយបន្ថែមថា ស្ត្រីម្នាក់ និងកូនរបស់នាងដែលដើរកាត់អគារនោះ ក៏ត្រូវបានសម្លាប់ផងដែរ។
យ៉ាងណាមិញ ប៉ាគីស្ថានធ្លាប់ត្រូវបានរងការវាយប្រហារចំនួនពីរលើមូលដ្ឋានប៉ូលិសធំៗមានទំនាក់ទំនងជាមួយក្រុមតាលីបង់ប៉ាគីស្ថាន ដែលគេស្គាល់ថា Tehreek-e-Taliban Pakistan (TTP) ចាប់តាំងពីដើមឆ្នាំមក។
កាលពីខែមករា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះអាវកាក់របស់គាត់នៅក្នុងវិហារឥស្លាមមួយនៅខាងក្នុងបរិវេណប៉ូលិសក្នុងទីក្រុង Peshawar ភាគពាយ័ព្យ ដោយបានសម្លាប់មន្ត្រីជាង 80 នាក់។
ដោយឡែក នៅខែបន្ទាប់ មនុស្ស 5 នាក់ត្រូវបានសម្លាប់ នៅពេលដែលក្រុមអត្តឃាត TTP វាយលុកបរិវេណប៉ូលីសក្នុងទីក្រុងកំពង់ផែ Karachi ភាគខាងត្បូង ដែលបណ្តាលឱ្យមានការបាញ់ប្រហារជាច្រើនម៉ោង៕