អ្នកស្រី ហាក់ វណ្ណៈ បានសម្រេចដាក់ពាក្យប្តឹងឧកញ៉ា នួន អក ទៅតុលាការរឿងចេញសែកគ្មានសាច់ប្រាក់ និងរំលោភលើទំនុកចិត្ត !
ភ្នំពេញ ៖ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ពាក្យបណ្តឹងលោកស្រី ហាក់ វណ្ណៈ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ហើយដាក់ចូលតំណាងអយ្យការ ថ្ងៃទី២៧ នេះដដែល បានប្តឹង ឧកញ៉ា នួន អក ជាអាជីវករ និង គ្រូបង្រៀនជោគជ័យ ពីបទ ចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់ និង រំលោភលើទំនុកចិត្ត ។
នាងខ្ញុំឈ្មោះ ហាក់ វណ្ណៈ ថ្ងៃខែឆ្នាំកំណើតៈ០៧-០៧-១៩៧៧ ជាតិខ្មែរ មុខរបរៈអាជីវករ មានទីលំនៅផ្ទះ លេខៈ២៧២ ភូមិត្នោត ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ។ ទូរសព្ទ័លេខៈ ០៩៧ ៩២០ ៤៧ ៣៩ ។
តាមរយៈពាក្យបណ្តឹងសូមគោរព លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានបញ្ជាក់ថា, ដំបូងឡើយលោកស្រី បានចូលរៀនផ្នែកទីផ្សារជោគជ័យដែលមានឈ្មោះ នួន អក ជាគ្រូបង្រៀន។ បន្ទាប់ពីបានស្គាល់ គ្នាហើយ ឈ្មោះ នួន អក បានប្រើយុទ្ធសាស្ត្រណែនាំឲ្យគាត់ចូលហ៊ុនវិនិយោគ ដោយបានប្រាក់ចំណេញទ្វេរដង ១គុណជា២ ត្រឹមតែរយៈពេល១៣ខែប៉ុណ្ណោះ ។
ដោយសារតែជឿជាក់តាមការបញ្ចុះបញ្ចូលលួងលោម នៅខែវិច្ឆិកា ឆ្នាំ២០១៩ គាត់បានប្រគល់ប្រាក់ឲ្យឈោ្មះ នួន អក ចំនួន៥០.០០០$(ប្រាំម៉ឺនដុល្លារអាមេរិក) មានរយៈពេលវិនិយោគចំនួន១៣ខែ គិតចាប់ពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយឈ្មោះ នួន អក សន្យាប្រគល់ប្រាក់ដើម និង ភាគលាភមកឲ្យ គាត់សរុបចំនួន១០០.០០០$(ដប់ម៉ឺនដុល្លារអាមេរិក) ។ លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃកំណត់បង្វិលប្រាក់ដើម្បីវិនិយោគ និង ភាគលាភមកឲ្យគាត់វិញ នោះ ស្រាប់តែឈ្មោះ នួន អក មិនព្រមប្រគល់ប្រាក់ឡើយ ដោយគេចវេស រហូត ។ ក្រោយពីបានព្យាយាមស្កាត់ជួបជាច្រើនដងឈ្មោះ នួន អក បានចេញមូលប្បទានប័ត្រលេខ ៦៣១៩៦៣ ចុះថ្ងៃនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដែលមានទឹកប្រាក់ចំនួន២៦.០០០$ (ពីរម៉ឺនប្រាំមួយពាន់ដុល្លារ) ដើម្បីទូទាត់ ប្រាក់ខាងលើ ។
នៅដើមខែមេសា ឆ្នាំ២០២៣នេះ គាត់បានយកមូលប្បទានប័ត្រខាងលើទៅដកប្រាក់នៅធនាគារស្រុកពារាំង ប៉ុន្តែខាងធនាគារបានប្រាប់ថាពុំមានទឹកប្រាក់ឡើយ(សែកស្អុយ) ដូចមានមូលប្បទានប័ត្របញ្ជូនត្រឡប់ចុះថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៣ ជាភស្តុតាង ។
គាត់បានព្យាយាមទាក់ទងឈ្មោះ នួន អក អំពីករណីដែលចេញនូវមូលប្បទានប័ត្រខាងលើនេះ ប៉ុន្តែឈ្មោះ នេះ មិនបានឆ្លើយតប ហើយថែមទាំងគេចវេសពីគាត់រហូតមកដល់បច្ចុប្បន្ន ។
លោកស្រី ហាក់ វណ្ណៈ បានបន្តទៀតថា, លោកព្រះរាជអាជ្ញា ជាទីគោរព! ទង្វើរបស់ឈ្មោះ នួន អក ជាចេតនាទុច្ចរឹតនៃអំពើចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ និង រំលោភលើទំនុកចិត្ត ដែលធ្វើឲ្យនាងខ្ញុំបាត់បង់នូវពេលវេលា និង ប៉ះពាល់ដល់ផលប្រយោជន៍របស់ នាងខ្ញុំយ៉ាងធ្ងន់ធ្ងរ ជាពិសេសអំពើនេះគឺជាអំពើដែលធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គម ក៏ដូចជាបង្ករអសន្តិសុខសង្គម ផងដែរ ។
សំណូមពរ : ១. សុំឲ្យចោទប្រកាន់ និង ផ្តន្ទាទោសឈ្មោះ នួន អក ទៅតាមផ្លូវច្បាប់ ។
៣. ទាមទារប្រាក់ដើមចំនួន ៥០.០០០$(ប្រាំម៉ឺនដុល្លារអាមេរិក) ។
២. សុំទាមទារថ្លៃសំណងជម្ងឺចិត្ត និងការខាតបង់ពេលវេលាជាប្រាក់ចំនួន ៤០.០០០.០០០៛
សែសិបលានរៀល) ៕