សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ,បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រខេត្តព្រះសីហនុ និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន (១៩៥៣-២០២៣) !

0

 

ខេត្តព្រះសីហនុ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ​ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។

ថ្ងៃទី១ឧសភា គឺជាថ្ងៃនៃទិវាពលកម្មអន្តរជាតិ ដែលជាទិវាប្រវត្តិសាស្រ្តរបស់ពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់ និងប្រារព្ធទិវាពលកម្មអន្តរជាតិនេះជារៀងរាល់ឆ្នាំផងដែរ ចាប់តាំងពីកម្ពុជាបានរស់រានឡើងវិញពីរបបប្រល័យពូជសាសន៍ក្រោយថ្ងៃរំដោះ ៧-មករា-១៩៧៩។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលតែងតែគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្ដល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គម ជូនបងប្អូនកម្មករនិយោជិត ស្របតាមគោលនយោបាយ ច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ។ ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកម្មករ និយោជិត និងអង្គការសហជីពទាំងអស់ដែលមានវត្តមាននៅកម្ពុជា។

ពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី
គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមាន
-ចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRTG (០៦គ្រឿង) ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។

-ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT(ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។
គម្រោងកែសម្រួលចំណតផែកុងតឺន័រពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។ គម្រោងទាំងនេះនឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក ដោយត្រូវបានបែងចែកសម្រាប់គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ ៣២លានដុល្លារអាមេរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ ២៤៣លានដុល្លារអាមេរិក, និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ ៦៩៨លានដុល្លារអាមេរិក ៕

Leave A Reply

Your email address will not be published.