រត់មិនរួចទេ ! ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជារបស់លោកស្នងការ ហេង វុទ្ធី ជនសង្ស័យលួចមានស្ថានទម្ងន់ទោស០៦នាក់ត្រូវបានបង្រ្កាប !
(កំពង់ចាម) ៖ ជនសង្ស័យ០៦នាក់ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌស្នងការដ្ឋានខេត្តកំពង់ចាមធ្វើការស្រាវជ្រាវបង្រ្កាបបានបន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ) ។
ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០៤ និង៤៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរកា សុ្រកកំពង់សៀម ខេត្តកំពង់ចាម ។
ជនរងគ្រោះឈ្មោះ ហ៊ាង ដេរ៉ុង ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិគគរ១ ឃំុគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៤៥នាទី ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1Q-2839 លេខម៉ាស៊ីន និងលេខតួ ០៦៤៩៩៥៦ ជិះសំដៅទៅធ្វើការងារកម្មកររោងចក្រកាត់ដេរស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយខ្លួនជិះម៉ូតូតែម្នាក់ឯង ពេលជិះចេញមកដល់ចំណុចខាងកើតវត្តគគរ ខ្លួនក៏ឃើញមានម៉ូតូជិះពីក្រោយមានម៉ូតូចំនួន០៣គ្រឿង ជិះមកដល់ចំណុចស្ពានមួយស្ថិតក្នុងភូមិកោះកាក្នុង ឃុំកោះកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ម៉ូតូ ចំនួន០៣គ្រឿងនោះជិះវ៉ាមកខាងមុខម៉ូតូរបស់ខ្លួន ដោយខ្លួនឃើញជិះគ្នា០២នាក់មានអ្នកខ្លះពាក់អាវពណ៌សនិងពណ៌ខ្មៅ ស្លៀកខោជើងវែង ពុំមានពាក់មួកសុវត្ថិភាពមានវ័យប្រហែល១៩ឆ្នាំ ទៅ២០ឆ្នាំ ម៉ូតូមានភិនភាគប្រហែលម៉ាក់និច (NEX) ពណ៌ស ពេលនោះខ្លួនក៏ជិះម៉ូតូតាមពីក្រោយបានចម្ងាយប្រហែល ២០០ម៉ែត្រ មកទិសខាងកើត ពួកវាក៏ជិះម៉ូតូទាំង០៣គ្រឿង ត្រឡប់ទៅក្រោយវិញ ។ បន្ទាប់មកខ្លួនក៏ជិះម៉ូតូមកទិសខាងកើត ។ មកដល់ចំណុចភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាកនិច (NEX) ពណ៌ស ជិះគ្នា០២នាក់ ខ្លួនមិនចាំភិនភាគ បានជិះម៉ូតូមកអែប នឹងម៉ូតូរបស់ខ្លួនរួចក៏ធាក់ត្រូវម៉ូតូរបស់ខ្លួនបណ្ដាលឲ្យដួលនៅលើផ្លូវកៅស៊ូ ភ្លាមនោះមនុស្សប្រុសម្នាក់បានចុះពីលើម៉ូតូមកឆក់ទាញកាបូបរបស់ខ្លួនស្ពាយនៅនឹងស្មា ខ្លួនក៏ទាញមកវិញ ហើយក៏រត់ចូលទៅក្នុងផ្ទះគេក្បែរនោះ ភ្លាមនោះមនុស្សប្រុស ម្នាក់ទៀតក៏ជិះម៉ូតូរបស់ខ្លួនជិះទៅទិសខាងលិចបាត់ទៅ ។ ចំណែកបក្ខពួករបស់វា បានជិះម៉ូតូទៅតាមក្រោយ ។ ដោយខ្លួនបានរងរបួសជង្គង់ខាងស្ដាំ០១កន្លែងនិងជង្គង់ខាងឆ្វេង០១កន្លែង ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានដាក់បទបញ្ជា ណែនាំ លោក វរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលសុ្រកកំពង់សៀម ចាត់កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរកា ធ្វើការពិនិត្យ និងស្រាវជ្រាវដល់ទីកន្លែងកើតហេតុ ។
លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី បានអោយដឹងថា មុខសញ្ញាត្រូវបានកំណត់។
លោកឧត្តមសេនីយ៍ស្នងការ បន្តថា ប្រតិបត្តិការត្រូវបានធ្វើឡើង ដោយមានកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម ដឹកដោយលោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ថាញ់ សុខវ៉ុន ស្នងការរងទទួលជំនួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកងមាស បន្តស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ៖
១. ថន វីរ៉ាត់ ប្រុស ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិត្រឡោកបែក សង្កាត់សែនសុខ រាជធានីភ្នំពេញ ។
២.ឈ្មោះ ធីម សុខណាត ភេទប្រុស អាយុ១៧ឆ្នាំជាតិខ្មែរ នៅទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
៣.ឈ្មោះ ភឿង ផាន់ណា ភេទប្រុស អាយុ១៤ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ
៤.ឈ្មោះ ឌីម ថានិល ភេទប្រុស អាយុ ១៤ឆ្នាំ នៅសង្កាត់បឹងសាឡាង
៥.ឈ្មោះ រម្យ ចាន់បូរិន្ទ ភេទប្រុស អាយុ១៥ឆ្នាំ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
៦.ឈ្មោះ វិធី បញ្ញា ហៅ ទ្រី អាយុ១៧ឆ្នាំ នៅសំបុកចាប បង្កាត់បឹងកក់ ។ មកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។ ហើយជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បក្សពួករបស់ខ្លួនទាំង៦ នាក់ ពិតជាបានធ្វើសកម្មភាពធាក់យកម៉ូតូចំនួន០១គ្រឿងម៉ាកសង់ សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ នៅចំណុចតាមផ្លូវ តែមិនបក្ខពួករបស់ខ្លួនមិនស្គាល់ ។ ពេលធ្វើសកម្មភាពរួចបក្សពួករបស់ខ្លួនបានជិះម៉ូតូសំដៅទៅទិសខាងលិចដើម្បីទៅទីក្រុងភ្នំពេញ តែក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបក្សពួករបស់ខ្លួនទាំង០៦នាក់ យកមកសួរនាំតែម្ដង ។
លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី បានអោយដឹងថា តាមបញ្ជារបស់លោក វង្សប៊ុន វិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានអនុញ្ញាតឲ្យសមត្ថកិច្ចនគរបាលយើង ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ រួមទាំងវត្ថុតាងដើម្បីរៀបចំកសាង ឯកសារ សំណុំរឿងតាមនីតិវិធី ៕