កូនស្រីលោក ថាក់ស៊ីន ប្រឈមពាក្យបណ្ដឹង មុនការបោះឆ្នោត !
លោកស្រី Paetongtarn Shinawatra បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ ប្រឈមមុខនឹងបណ្ដឹងចោទប្រកាន់លោកស្រីពីបទ “កាន់កាប់ភាគហ៊ុននៅក្នុងអាជីវកម្មទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ” ដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញសម្រាប់មន្ត្រីរដ្ឋាភិបាល។
បច្ចុប្បន្នគណបក្សនយោបាយ និងឥស្សរជនសំខាន់ៗមួយចំនួនផ្សេងទៀត កំពុងរងការគំរាមកំហែងដោយពាក្យបណ្តឹងដែលដាក់ទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដែលនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ។
សកម្មជននយោបាយលោក Srisuwan Janya បានដាក់ពាក្យបណ្តឹងរបស់គាត់ទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដោយស្នើសុំឲ្យមានការស៊ើបអង្កេតដើម្បីកំណត់ថាតើក្រុមហ៊ុនអចលនទ្រព្យ SC Asset ដែលលោកស្រី Paetongtarn កំពុងកាន់កាប់ភាគហ៊ុនជាង ៣៦ លានដុល្លារ អាចចាត់ទុកថាជាអាជីវកម្មទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយដែរឬទេ ។
លោក Srisuwan បាននិយាយថា គោលបំណងអាជីវកម្មមួយចំនួននៃក្រុមហ៊ុនរបស់កូនស្រីលោក ថាក់ស៊ីន រូបនេះ ពាក់ព័ន្ធនឹងការបោះពុម្ពឯកសារ ផលិតការផ្សាយពាណិជ្ជកម្ម ផលិត និងចែកចាយភាពយន្ត និងការចូលរួមក្នុងអាជីវកម្មកម្សាន្ត ដែលលោកបានអះអាងអាចចាត់ទុកថា ជាប់ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកសង្កេតការណ៍មួយចំនួនបានលើកឡើងថា លោកស្រី Paetongtarn អាចនឹងជួបជោគវាសនាដូចគ្នានឹងលោក Thanathorn Juangroongruangkit អតីតមេដឹកនាំនៃគណបក្សអនាគតឆ្ពោះទៅមុខ ។ មហាសេដ្ឋីដែលប្រែក្លាយខ្លួនទៅជាអ្នកនយោបាយរូបនេះ បានបាត់បង់ឋានៈជាសមាជិកសភានៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពី EC បានរកឃើញថា គាត់កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលមានឈ្មោះថា V-Luck Media ដែលផលិតការផ្សាយពាណិជ្ជកម្ម ។ ទោះបីជាក្រុមហ៊ុនលែងដំណើរការក៏ដោយ ប៉ុន្តែការបិទអាជីវកម្មនេះមិនត្រូវបានចុះបញ្ជីជាផ្លូវការនោះទេ ។
ទោះជាយ៉ាងណាក៏ដោយ មិនដូចក្រុមហ៊ុន V-Luck Media ដែលពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយនោះទេ, ក្រុមហ៊ុន SC Asset គឺជាក្រុមហ៊ុនអចលនទ្រព្យ ហើយការផ្តោតសំខាន់របស់ក្រុមហ៊ុននេះ មិនមែនជាអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយនោះទេ ។
គួរបញ្ជាក់ថា ក្រៅពីលោកស្រី Paetongtarn មានបេក្ខជនបោះឆ្នោតប្រហែល ១៣០ នាក់ទៀតកំពុងត្រូវបានស៊ើបអង្កេតដោយ EC ក្រោមបទសង្ស័យថា មានភាគហ៊ុននៅក្នុងក្រុមហ៊ុនទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យលោក Charnchai Issarasenarak ដែលថ្មីៗនេះត្រូវបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតរួចទៅហើយ ៕