សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាមួយមន្រ្តីសន្តិសុខសឹង្ហបុរី !

0

 

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្តីទី បានអនុញ្ញាតជូន ឯកឧត្តម ធាវ ឈី ហាន (TEO CHEE HEAN) ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខ នៃសាធារណរដ្ឋសឹង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

 

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ទេសរដ្ឋមន្ដ្រី ដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា និងសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។ សម្ដេច ក៏សូមយកឱកាសនេះ ចូលរួមអបអរសាទរ ក៏ដូចជាថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលសឹង្ហបុរី ដែលបានបញ្ជូនអត្តពលិក មកចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានចាត់ទុកថា គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការចូលរួមគាំទ្រចំពោះកម្ពុជា ក្នុងប្រារព្ធនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

 

ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសន្ដិសុខ សម្ដេចក្រឡាហោម ស ខេង ក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសឹង្ហបុរី ដែលកន្លងមកបានរៀបចំនូវវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ឬកិច្ចប្រជុំផ្សេងៗ ហើយក៏បានផ្ដល់ឱកាសដល់មន្ដ្រីអនុវត្តច្បាប់របស់កម្ពុជាដែលបានចូលរួមផងដែរ។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូន ឯកឧត្តម ទេសរដ្ឋមន្ដ្រីផងដែរថា ភាគីទាំងពីរកំពុងតែជជែក ពាក់ព័ន្ធទៅនឹងការរៀបចំឱ្យមាននូវឯកសារសហប្រតិបត្តិការជាផ្លូវការជាមួយគ្នា។ សម្ដេច សង្ឃឹមជឿជាក់ថា ការរៀបចំឱ្យមាននូវឯកសារសហប្រតិបត្តិការនេះ គឺជាកិច្ចការមួយដែលសមស្របទៅនឹងបរិបទបច្ចុប្បន្នដែលប្រទេសទាំងពីរ មានការធ្វើដំណើរទៅវិញទៅមកកាន់តែមានច្រើនឡើងផងដែរ។ មួយវិញទៀត គឺសមស្របតាម កាលៈទេសៈ ស្ថានភាពប្រែប្រួល នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បទល្មើសមិនព្រៃណីដែលកំពុងមានការកើតឡើង។

 

ជាការឆ្លើយតប ឯកឧត្តម ធាវ ឈី ហាន (TEO CHEE HEAN) បានថ្លែងចូលរួមអបអរសាទជាមួយ ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ហើយឯកឧត្តម ក៏បានលើកថា ប្រជាពលរដ្ឋកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅគ្រប់អត្តពលិកពីគ្រប់ប្រទេសមកកាន់ ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ផ្ទាល់ បានទស្សនកិច្ចនៅទីកន្លែងដែលអត្តពលិកស្នាក់នៅ ហើយបានឃើញនូវការរៀបចំទទួលបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ មធ្យោបាយដឹកជញ្ជូន និងកិច្ចការងារផ្សេងៗ ត្រូវបានរៀបចំបានយ៉ាងល្អប្រសើរ ដែលបានផ្ដល់ឱកាសដ៏ល្អសម្រាប់អត្តពលិក ដោយផ្ដោតសំខាន់ទៅលើការប្រកួតកីឡារបស់ខ្លួន។

 

ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានចាត់ទុកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ គឺមិនត្រឹមតែជាព្រឹត្តិការណ៍សម្រាប់ប្រកួតប្រជែងដណ្ដើមមេដាយប៉ុណ្ណោះទេ ប៉ុន្ដែគឺជាព្រឹត្តិការណ៍មួយក្នុងការកសាងពង្រឹងនូវសាមគ្គីភាព និងមិត្តភាពរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ។

 

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្ដិសុខ ឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ស ខេង ចំពោះការជួយគាំទ្រនាពេលកន្លងមក ក្នុងកិច្ចសហប្រតិបត្តិការរវាង ក្រសួងមហាផ្ទៃកម្ពុជា ជាមួយស្ថាប័នរបស់សិង្ហបុរី។ ឯកឧត្តម បានឯកភាពចំពោះការលើកឡើងរបស់ សម្ដេចក្រឡាហោម អំពីការកើនឡើងនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ដែលនេះ ក៏ជាកិច្ចការងារមួយដែលសមស្របក្នុងការបង្កើតឱ្យមានក្របខណ្ឌនៃឯកសារសហប្រតិបត្តិការ ដើម្បីថែរក្សាការពារនូវសន្ដិសុខ និងការពារដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងសងខាង។ ហើយដូចអ្វីដែល សម្ដេចក្រឡាហោម បានលើកឡើងគឺរួបរួមគ្នា ក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី។

 

ជាការឆ្លើយតប សម្ដេចក្រឡាហោម នាយករដ្ឋមន្ដ្រីស្តីទី ក៏សូមថ្លែងអំណរគុណចំពោះពាក្យពេចន៍ប្រកបដោយការលើកទឹកចិត្តរបស់ ឯកឧត្តម ធាវ ឈី ហាន (TEO CHEE HEAN) ចំពោះកម្ពុជា នៅក្នុងការប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ សម្ដេចក្រឡាហោម បានជម្រាបជូនថា នេះក៏ជាលើកទី១ ក្នុងរយៈពេលជាង ៦០ឆ្នាំ ដែលកម្ពុជា រងចាំក្នុងការទទួលបានឱកាសរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដ៏មានសារៈសំខាន់នេះ។ សម្ដេច សូមថ្លែងអំណរគុណចំពោះសិង្ហបុរី ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ដែលបានចូលរួមគាំទ្រ ដល់ការបំពេញតួនាទីធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រនេះ។

 

សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ទេសរដ្ឋមន្ដ្រី ធាវ ឈី ហាន (TEO CHEE HEAN) ក៏បានជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ទាំងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី និងការខិតខំស្វែងរកនូវឱកាសក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការនេះ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ តាមរយៈអាស៊ានណាប៉ូ (ASEANAPOL) និងក្របខណ្ឌអន្ដរជាតិតាមរយៈ អ៊ីនធឺបូ (INTERPOL) ផងដែរ សំដៅទប់ស្កាត់នូវបទល្មើសធំៗមួយចំនួន ជាពិសេស គឺបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្សនិងបទល្មើសបច្ចេកវិទ្យាជាដើម៕

Leave A Reply

Your email address will not be published.