ថៃ៖ គណបក្សប្រឆាំង ផ្ដួលគណបក្សគាំទ្រដោយយោធា ក្នុងការបោះឆ្នោត!
បាងកក៖ គណបក្សប្រឆាំងធំៗនៅក្នុងប្រទេសថៃ បានទទួលជ័យជម្នះយ៉ាងងាយស្រួលលើគណបក្សរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩៧ភាគរយ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានទទួលអាសនៈច្រើនជាងគេ ដោយនាំមុខគណបក្សភឿថៃ ដែល ឈរនៅលំដាប់លេខ២ រីឯគណបក្សគំាទ្រដោយយោធា គឺគណបក្ស Palang Pracharath របស់លោក ប្រាវីត ឈរនៅលំដាប់ទី៤ និងគណបក្សថៃរួបរួមជាតិ របស់លោក ប្រាយុទ្ធ នៅលេខរៀងទី៥ឯណោះ។
លទ្ធផលបោះឆ្នោតនេះ បានបង្ហាញដែរថាគណបក្សចលឆ្ពោះទៅមុខទទួលបានអាសនៈនៅឯរដ្ឋសភា ឬសភាជាន់ទាបចំនួន ១៥១អាសនៈ ភឿថៃបាន ១៤១អាសនៈ ហើយគណបក្ស Palang Pracharath បានត្រឹមតែ៤១អាសនៈ និងគណបក្សថៃរួបរួមជាតិ បាន ៣៦អាសនៈតែប៉ុណ្ណោះ។ ចំណែកឯគណបក្សភូមិចៃថៃ (Bhumjaithai Party) ទទួលបាន៧០អាសនៈដោយឈរនៅលំដាប់ទី៣។
តែទោះជាបែបនេះក្ដី លទ្ធផលបោះឆ្នោតនេះមិនទាន់អាចសម្រេចបានថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី ឬក៏នរណាអាចនឹងបង្កើតរដ្ឋាភិបាល បាននៅឡើយទេ៕